(មូស្គូ)៖ ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ីបានដកស្រង់សម្តីអ្នកនាំពាក្យវិមានក្រឹមឡាំង ដែលបាននិយាយកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះថា រុស្ស៊ីបានចាប់ផ្តើមនូវអ្វីដែលខ្លួនហៅថាប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន ដោយសារតែការព្រួយបារម្ភរបស់ខ្លួនជុំវិញកិច្ចព្រមព្រៀងសន្តិភាពរវាងទីក្រុងកៀវ និងក្រុមបំបែកខ្លួនគាំទ្រដោយរុស្ស៊ីមិនត្រូវបានអើពើ។ នេះបើយោងតាមការដកស្រង់ផ្សាយពីទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១២ ខែធ្នូ ឆ្នាំ២០២២។
ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន នៅសប្តាហ៍នេះ បានសម្តែងការសោកស្ដាយចំពោះការខកខានក្នុងការអនុវត្តកិច្ចព្រមព្រៀងទីក្រុងមីនស្ក៍ (Minsk) ដែលរួមមានបទឈប់បាញ់ និងកិច្ចព្រមព្រៀងកំណែទម្រង់រដ្ឋធម្មនុញ្ញ រវាងទីក្រុងកៀវ និងកងកម្លាំងបំបែកខ្លួនគាំទ្រដោយរុស្ស៊ីនៅភាគខាងកើតអ៊ុយក្រែន ដែលបានបែកបាក់គ្នាក្នុងឆ្នាំ២០១៤ និងឆ្នាំ២០១៥ ដោយរុស្ស៊ី បារាំង និងអាល្លឺម៉ង់ នៅដើមដំបូងនៃជម្លោះជាមួយអ៊ុយក្រែន។
នៅពេលអ្នកកាសែតសួរថា តើរុស្ស៊ីយល់ថាខ្លួនត្រូវបានគេ «បញ្ឆោត» ជុំវិញកិច្ចព្រមព្រៀងទីក្រុងមីនស្ក៍ ដែរឬអត់នោះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ (Dmitry Peskov) បាននិយាយថា «យូរៗទៅវាច្បាស់ណាស់ថាដូច្នេះ។ ហើយជាថ្មីម្តងទៀត លោកប្រធានាធិបតី ពូទីន និងអ្នកតំណាងផ្សេងទៀតរបស់យើង បានបន្តនិយាយពីកិច្ចព្រមព្រៀងនេះ ប៉ុន្តែអ្នកចូលរួមផ្សេងទៀតនៃដំណើរការចរចាមិនអើពើ។ នេះសុទ្ធតែជាបុព្វហេតុនៃប្រតិបត្តិការយោធាពិសេស»។
គួរបញ្ជាក់ថា ទាំងរុស្ស៊ី និងអ៊ុយក្រែនបានចោទប្រកាន់គ្នាទៅវិញទៅមកថាបានរំលោភលើកិច្ចព្រមព្រៀងនេះ៕