(បែរឡាំង)៖ រដ្ឋមន្ត្រីមហាផ្ទៃអាល្លឺម៉ង់ បានឲ្យដឹងក្នុងបទសម្ភាសមួយដែលបានចុះផ្សាយកាលពីថ្ងៃអាទិត្យកន្លងទៅនេះថា ប្រទេសអាល្លឺម៉ង់គ្រោងនឹងរឹតបន្តឹង ច្បាប់ប្រើប្រាស់កាំភ្លើង ក្រោយសង្ស័យថាក្រុមស្តាំនិយមជ្រុល មានផែនការធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលដោយហិង្សា។ នេះបើយោងតាមការចុះផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១២ ខែធ្នូ ឆ្នាំ២០២២។

ក្នុងបទសម្ភាសន៍ជាមួយកាសែត បៀល អាំ ហ្សុនថាក (Bild am Sonntag) រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកស្រី ណាន់ស៉ី ហ្វាស្សឺ (Nancy Faeser) បានព្រមានថា ចលនាក្រុមនិយមជ្រុល តំណាងឲ្យការកើនឡើងការគំរាមកំហែងដល់ប្រទេសអាល្លឺម៉ង់ ដោយសារបានពង្រីកចំនួនមនុស្សពី ២,០០០នាក់ ទៅ ២៣,០០០នាក់កាលពីឆ្នាំមុន។

លោកស្រី ហ្វាស្សឺ បានគូសបញ្ជាក់ថា «ទាំងនេះមិនមែនត្រឹមតែជាមនុស្សបង្កគ្រោះថ្នាក់ទេ ប៉ុន្តែជាក្រុមភេរវករសង្ស័យដែលកំពុងស្ថិត នៅក្រៅឃុំបណ្តោះអាសន្ន។ យើង​ត្រូវ​ការឲ្យ​អាជ្ញាធរ​ទាំង​អស់​ដាក់​សម្ពាធ​ជា​អតិបរមា​ ដើម្បី​ដក​អាវុធ​ចេញ​ពីក្រុមទាំងនោះ ហើយវាជា​មូល​ហេតុ​ដែល​រដ្ឋាភិបាល​នឹងរឹត​បន្តឹង​ច្បាប់​កាំភ្លើង​ក្នុង​ពេលដ៏​ខ្លី»។

គួរបញ្ជាក់ថា ប៉ូលិសអាល្លឺម៉ង់កាលពីសប្តាហ៍មុន បានចាប់ខ្លួនមនុស្សចំនួន ២៥នាក់ ដែលសង្ស័យថាមានជាប់ពាក់ព័ន្ធនឹងការសង្ស័យធ្វើរដ្ឋប្រហារ ដែលមានជាប់ ពាក់ព័ន្ធនឹងសមាជិកនៃចលនារ៉ៃស្បឺហ្គឺ «Reichsbürger»៕