(សាណា)៖ អង្គការសហប្រជាជាតិ (UN) នៅថ្ងៃចន្ទនេះបាននិយាយថាកុមារជាង ១១,០០០នាក់ បានស្លាប់ និងពិការ ក្នុងសង្រ្គាមស៊ីវិល នៅយេម៉ែន អស់រយៈពេល ៨ឆ្នាំមកនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១២ ខែធ្នូ ឆ្នាំ២០២២។

ក្រៅតែពីកុមារស្លាប់ និងពិការ កុមារយេម៉ែន ២.២លាននាក់ផ្សេងទៀត ក៏កំពុងប្រឈមមុខនឹងជំងឺអាសន្នរោគ និងការខ្វះខាតអាហាររូបត្ថម្ភធ្ងន់ធ្ងរ ហើយក្នុងនោះ១ភាគ៣ នៃកុមារទាំងនេះមានអាយុក្រោម៥ឆ្នាំ។ សង្រ្គាមស៊ីវិលនៅយេម៉ែន បានផ្ទុះឡើងកាលពីឆ្នាំ២០១៤មកម្ល៉េះ ហើយភ្លាមៗនោះក្រុមឧទ្ទាម ហ៊ូទី គាំទ្រដោយអ៉ីរ៉ង់បានដណ្ដើមគ្រប់គ្រងរដ្ឋធានីសាណា ដែលនេះជំរុញឱ្យអារ៉ាប៊សាអូឌីត ដឹកនាំក្រុមចម្រុះអារ៉ាប់ធ្វើអន្តរាគមន៍យោធាគាំទ្ររដ្ឋាភិបាលយេមែន។

គួរបញ្ជាក់ថា បើតាម UN តួលេខចុងក្រោយនៃកុមារដែលបានស្លាប់នៅក្នុងសង្រ្គាមយេម៉ែន មាន៣,៧៧៤នាក់ គិតពីចន្លោះខែមីនា ឆ្នាំ២០១៥ ដល់ខែកញ្ញា ឆ្នាំ២០២២៕