(តេហេរ៉ង់)៖ អ៉ីរ៉ង់ បានកោះហៅឯកអគ្គរដ្ឋទូតចិន ប្រចាំទីក្រុងតេហេរ៉ង់ លោក ចាង ហួ (Chang Hua) ដើម្បីសម្ដែងការមិនពេញចិត្ត បន្ទាប់ពីទីក្រុងប៉េកាំង ចេញសេចក្ដីថ្លែងការណ៍រួមដ៏ចម្រូងចម្រាសជាមួយបណ្ដារដ្ឋអារ៉ាប់ ដែលមានពាក់ព័ន្ធនឹងជម្លោះដែនកោះចំនួន៣ រវាងអ៉ីរ៉ង់ និងអេមីរ៉ាតអារ៉ាប់រួម។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១២ ខែធ្នូ ឆ្នាំ២០២២។

ការកោះហៅឯកអគ្គរដ្ឋទូតចិនខាងលើ កើតមានឡើងក្រោយប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានបំពេញទស្សនកិច្ចនៅអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃសុក្រ សប្ដាហ៍មុន ជាទីដែលលោកបានបើកកិច្ចពិភាក្សាជាមួយបណ្ដាប្រទេសអារ៉ាប់មកពីក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការតំបន់ឈូងសមុទ្រ (GCC) ដែលជាគូសត្រូវ របស់អ៉ីរ៉ង់។ នៅក្រោយកិច្ចប្រជុំ ចិន និងបណ្ដាប្រទេស GCC បានចេញសេចក្ដីថ្លែងការណ៍រួមមួយលើបញ្ហាជាច្រើន ក្នុងនោះរួមមានទាំងកិច្ចការពាក់ព័ន្ធនឹងអ៉ីរ៉ង់ កម្មវិធីនុយក្លេអ៊ែរ និងសកម្មភាពរបស់អ៉ីរ៉ង់ ព្រមទាំងជម្លោះដែនកោះចំនួន៣ផងដែរ។

ក្រសួងការបរទេសអ៉ីរ៉ង់បានកោះហៅឯកអគ្គរដ្ឋទូតចិន ប្រចាំទីក្រុងតេហេរ៉ង់ លោក ចាង ហួ (Chang Hua) ឱ្យចូលជួបកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅនេះ ប៉ុន្តែខុសប្លែកពីភាសាដែលប្រើជាមួយលោកខាងលិច អ៉ីរ៉ង់មិនបានថ្កោលទោស ឬរិះគន់អ្វីនោះទេ ដោយគ្រាន់តែនិយាយថាលោក ចាង ហួ បានបំពេញទស្សនកិច្ច មួយមកកាន់ក្រសួងការបរទេសអ៉ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់គ្រាន់តែបង្ហាញការមិនពេញចិត្តតែប៉ុណ្ណោះ។

គួរបញ្ជាក់ថា ការកោះហៅឯកអគ្គរដ្ឋទូតចិនលើ គឺជារឿងកម្របំផុតនៅក្នុងទំនាក់ទំនងរវាងចិន និងអ៉ីរ៉ង់។ ចំណែកឯ ដែនកោះជម្លោះទាំង៣ ដែលមាននៅក្នុង សេចក្ដីថ្លែងការណ៍រួមនោះ គឺមានកោះ គ្រេតធឺ ទុន (Greater Tunb), ឡេសឺរ ទុន (Lesser Tunb) និងកោះអាប៊ូ មូសា (Abu Musa) ស្ថិតនៅក្នុងច្រកសមុទ្រ ហ័រមូស (Hormuz) ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ៉ីរ៉ង់ចាប់តាំងពីឆ្នាំ១៩៧១មក ប៉ុន្តែអេមីរ៉ាតអារ៉ាប់រួម បានទាមទារថាកោះទាំងនេះជាផ្នែកមួយនៃ ទឹកដីរបស់ខ្លួន៕