(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថាលោកបានជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងបានអរគុណ លោក បៃដិន សម្រាប់ «ជំនួយមិនធ្លាប់មានពីមុនមក» របស់ទីក្រុងវ៉ាស៊ីនតោន ចំពោះអ៊ុយក្រែន ចាប់តាំងពីការឈ្លានពានរបស់រុស្ស៉ី កាលពីខែកុម្ភៈមក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១២ ខែធ្នូ ឆ្នាំ២០២២។

ជំនួបតាមទូរស័ព្ទរវាងលោក ហ្សេលេនស្គី និងលោក បៃដិន ធ្វើឡើងកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ ហើយលោក ហ្សេលេនស្គី ផ្ទាល់បានប្រកាសពី ជំនួបនេះនៅលើសារមួយបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម Telegram។ ប្រធានាធិបតីអ៊ុយក្រែនរូបនេះ បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំបានអរគុណសម្រាប់ ជំនួយយោធា និងហិរញ្ញវត្ថុមិនធ្លាប់មានពីមុនមកដែលសហរដ្ឋអាមេរិកផ្ដល់ឱ្យអ៊ុយក្រែន...ហើយនេះមិនត្រឹមតែជាការចូលរួមចំណែកដល់ជោគជ័យនៅលើ សមរភូមិប៉ុណ្ណោះ ប៉ុន្តែវាក៏ជួយដល់ស្ថិរភាពនៃសេដ្ឋកិច្ចអ៊ុយក្រែនផងដែរ»

នៅក្នុងជំនួបជាមួយលោក បៃដិន លោក ហ្សេលេនស្គី ក៏បានអរគុណផងដែរដល់សហរដ្ឋអាមេរិក ដែលបាន និងកំពុងជួយស្ដារប្រព័ន្ធថាមពលអ៊ុយក្រែន។ ហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែន បានរងការវាយប្រហារពីសំណាក់រុស្ស៉ី ចាប់តាំងពីខែតុលាមកម្ល៉េះ ដោយទីក្រុងមូស្គូ បានប្រើមីស៊ីល និងយន្ដហោះដ្រូន ដើម្បីបំផ្លាញប្រព័ន្ធផ្គត់ផ្គង់ថាមពល ដែលកំពុងធ្វើឱ្យប្រជាជនស៊ីវិលអ៊ុយក្រែនរាប់លាននាក់គ្មានអគ្គិសនីប្រើប្រាស់ ក្នុងរដូវរងានេះ៕