(មូស្គូ)៖ អតីតប្រធានាធិបតីរុស្ស៊ី លោក ឌីមីទ្រី មេដវេដេវ បាននិយាយនៅថ្ងៃអាទិត្យនេះថា ប្រទេសនេះកំពុងបង្កើនការផលិតអាវុធជំនាន់ថ្មី ដើម្បីការពារខ្លួនពីសត្រូវនៅអឺរ៉ុប សហរដ្ឋអាមេរិក និងអូស្ត្រាលី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១១ ខែធ្នូ ឆ្នាំ២០២២។
លោក មេដវេដេវ បាននិយាយនៅលើកម្មវិធីផ្ញើសារ Telegram យ៉ាងដូច្នេះថា «យើងកំពុងបង្កើនការផលិតនូវមធ្យោបាយបំផ្លិចបំផ្លាញដ៏មានឥទ្ធិពលបំផុត។ រួមទាំងមធ្យោបាយដែលផ្អែកលើគោលការណ៍ថ្មីផងដែរ»។
ទោះជាយ៉ាងណា លោក មេដវេដេវ ដែលបច្ចុប្បន្នមានតួនាទីជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី មិនបានផ្តល់ព័ត៌មានលម្អិតអំពីអាវុធនេះទេ។
ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយម្តងហើយម្តងទៀតថា រុស្ស៊ីបាននិងកំពុងអភិវឌ្ឍអាវុធប្រភេទថ្មី រួមទាំងអាវុធល្បឿនលឿនជាងសំឡេង ដែលលោកមានអំនួតអាចគេចផុតពី ប្រព័ន្ធការពារមីស៊ីលដែលមានស្រាប់ទាំងអស់៕