(តៃប៉ិ)៖ មន្ត្រីជាន់ខ្ពស់ជប៉ុន លោក កូអ៉ីឈិ ហាជីយូដា (Koichi Hagiuda) បាននិយាយថាជប៉ុនចាំបាច់ត្រូវបង្កើនកញ្ចប់ថវិកាយោធា នៅចំពោះមុខ ការគំរាមកំហែងពីចិន និងកូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១១ ខែធ្នូ ឆ្នាំ២០២២។

លោក ហាជីយូដា ជាប្រមុខគោលនយោបាយ នៃគណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលជាបក្សកាន់អំណាច និងជាអតីតរដ្ឋមន្ត្រីឧស្សាហកម្មជប៉ុន ធ្វើការកត់សម្គាល់ខាងលើ កំឡុងបំពេញទស្សនកិច្ចទៅកាន់ទីក្រុងតៃប៉ិ កោះតៃវ៉ាន់ នៅថ្ងៃអាទិត្យនេះ។ ថ្លែងនាឱកាសនោះ លោក ហាជីយូដា បានគូសបញ្ជាក់ដូច្នេះថា «ចាប់តាំងពីសម័យសង្រ្គាមលោកលើកទី២មក ជប៉ុនបានដើរតាមមាគ៌ាសន្តិភាព ហើយមាគ៌ាមួយនេះនឹងមិនមានការផ្លាស់ប្ដូរទេ... តែទោះជាបែបនេះក្ដី គ្រាន់តែទន្ទិញពាក្យសន្តិភាពពិភពលោក គឺមិនគ្រប់គ្រាន់សម្រាប់ការពារសន្តិភាពរបស់យើងឡើយ»

លោកបន្ថែមថា ខណៈចិនកំពុងបង្កើនកញ្ចប់ថវិកាយោធា គួបផ្សំនឹងការគំរាមកំហែងពីកូរ៉េខាងជើង ជប៉ុនក៏ចាំបាច់ត្រូវបង្កើនកញ្ចប់ថវិកាយោធាផងដែរ ហើយសមត្ថភាពយោធារបស់ជប៉ុន ដើម្បីការពារអាយុជីវិត និងសនិ្តភាព គួរតែត្រូវបានអភិវឌ្ឍភ្លាមៗ ដោយមិនត្រូវរង់ចាំ ៥ឆ្នាំទៀតនោះទេ។

គួរបញ្ជាក់ថា រដ្ឋាភិបាលជប៉ុនរបស់លោកនាយករដ្ឋមន្ត្រី ហ្វូមីអុ គីស៊ីដា បានប្រកាសពីផែនការបង្កើនកញ្ចប់ថវិកាយោធា ឱ្យដល់២ភាគយ នៃផលិតផលនៅក្នុងស្រុកសរុប ឬ GDP ក្នុងរយៈពេល៥ឆ្នាំ បើធៀបទៅនឹងកញ្ចប់ថវិកាយោធាសព្វថ្ងៃមាន ១ភាគរយ នៃ GDP ៕