(វ៉ាស៊ីនតោន)៖ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក John Kirby បាននិយាយថាអ៉ីរ៉ង់បានក្លាយជាអ្នកគាំទ្រផ្នែកយោធាដ៏ធំបំផុតរបស់រុស្ស៉ី ខណៈ ទំនាក់ទំនងរវាងប្រទេសទាំង២ កាន់តែមានភាពល្អប្រសើរឡើង ឆ្ពោះទៅរកភាពជាដៃគូយោធាយ៉ាងពេញលេញ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី១១ ខែធ្នូ ឆ្នាំ២០២២។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃសុក្រកន្លងទៅ (ម៉ោងនៅវ៉ាស៊ីនតោន) លោក John Kirby បានគូសបញ្ជាក់ដូច្នេះថា «អ៉ីរ៉ង់បានក្លាយជាអ្នកគាំទ្រផ្នែក យោធាដ៏ធំបំផុតរបស់រុស្ស៉ី... រុស្ស៉ីបាន និងកំពុងប្រើយន្ដហោះដ្រូនអ៉ីរ៉ង់ វាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពល ដែលធ្វើឱ្យប្រជាជនអ៊ុយក្រែនរាប់លាននាក់គ្មាន អគ្គិសនីប្រើប្រាស់ កម្ដៅគ្រប់គ្រាន់ និងគ្មានសេវាសំខាន់ៗ ព្រមទាំងប្រឈមមុខនឹងគ្រោះថ្នាក់ដល់អាយុជីវិតដោយសារតែសកម្មភាពអ៉ីរ៉ង់»។ លោក Kirby បន្ថែមថា រុស្ស៉ីកំពុងបន្តស្វែងរកកិច្ចសហប្រតិបត្តិការជាមួយអ៉ីរ៉ង់ លើគម្រោងអភិវឌ្ឍន៍អាវុធ និងការបណ្ដុះបណ្ដាលយោធា ដោយជាថ្នូរមកវិញ រុស្ស៉ីអាចនឹងផ្ដល់ឱ្យអ៉ីរ៉ង់នូវ បរិក្ខារយោធាទំនើបៗ ក្នុងនោះរួមមានទាំងឧទ្ធម្ភាគចក្រ និងប្រព័ន្ធការពារដែនអាកាស។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងអ៊ុយក្រែន រួមទាំងសម្ព័ន្ធមិត្តលោកខាងលិចមួយចំនួន បានចោទប្រកាន់ថាអ៉ីរ៉ង់បានផ្គត់ផ្គង់យន្ដហោះដ្រូនឱ្យរុស្ស៉ី ប្រើប្រាស់ក្នុង ការវាយប្រហារលើទីក្រុងជាច្រើនរបស់អ៊ុយក្រែន ចាប់តាំងពីថ្ងៃទី១៧ ខែតុលាមក។ អ៉ីរ៉ង់ធ្លាប់បានច្រានចោលរាល់ការចោទប្រកាន់ តែក្រោយមកបានទទួលស្គាល់ថា ខ្លួនពិតជាបានផ្គត់ផ្គង់យន្ដហោះដ្រូនឱ្យរុស្ស៉ីពិតមែន តែធ្វើឡើងនៅមុនសង្រ្គាមអ៊ុយក្រែនផ្ទុះឡើងមកម្ល៉េះ៕