(វ៉ាស៊ីនតោន)៖ ក្រសួងការបរទេសអាមេរិក បានឱ្យដឹងថាប្រតិភូជាន់ខ្ពស់អាមេរិកមួយក្រុម នឹងបំពេញដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន នៅសប្ដាហ៍ក្រោយ ដើម្បីស្វែងរកភាពរីកចម្រើនបន្ថែមពីលើកិច្ចពិភាក្សាកាលពីពេលថ្មីៗនេះរវាងលោកប្រធានាធិបតី ចូ បៃដិន និងលោកប្រធានាធិបតី ស៊ី ជិនពីង និងដើម្បីរៀបចំ ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក​ Antony Blinken មកកាន់ទីក្រុងប៉េកាំង នៅដើមឆ្នាំ២០២៣។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១១ ខែធ្នូ ឆ្នាំ២០២២។

ការប្រកាសខាងលើរបស់ក្រសួងការបរទេសអាមេរិក នៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ ធ្វើឡើងបន្ទាប់ពីមន្ត្រីជាន់ខ្ពស់សេតវិមានម្នាក់ បាននិយាយថាចិនចង់ធ្វើឱ្យមាន ស្ថិរភាពទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ក្នុងរយៈពេលខ្លី ខណៈកំពុងប្រឈមមុខនឹងបញ្ហាប្រឈមសេដ្ឋកិច្ចនៅក្នុងស្រុក និងមានភាពតានតឹងជាមួយបណ្ដា ប្រទេសក្បែរខាងក្នុងតំបន់អាស៊ី។

បើតាមក្រសួងការបរទេសអាមេរិក ឧបការីរដ្ឋមន្ត្រីការបទេស ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងតំបន់ប៉ាស៊ីហ្វិក លោក ដានីញ៉ែល គ្រីធិនប្រ៊ីន (Daniel Kritenbrink) និងលោកស្រី ឡូរ៉ា រ៉ូសិនប៊ឺហ្គឺ (Laura Rosenberger) ជានាយកជាន់ខ្ពស់ទទួលបន្ទុកកិច្ចការចិន និងតៃវ៉ាន់ នៃក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក នឹងបំពេញទស្សនកិច្ចមកកាន់ប្រទេសចិន កូរ៉េខាងត្បូង និងជប៉ុន ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែធ្នូនេះ។

គួរបញ្ជាក់ថា នៅក្នុងដំណើរទស្សនកិច្ច នៅទីក្រុងប៉េកាំង នៅសប្ដាហ៍ក្រោយ ក្រុមប្រតិភូអាមេរិក នឹងបន្តស្វែងរកភាពរីកចម្រើនបន្ថែមលើកិច្ចពិភាក្សា កាលពីពេលថ្មីៗនេះរវាងលោក ចូ បៃដិន និងលោក ស៊ី ជិនពីង ព្រមទាំងរៀបចំការងារសម្រាប់ដំណើរទស្សនកិច្ចរបស់លោក Blinken នៅដើមឆ្នាំក្រោយ៕