(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានឱ្យដឹងកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះថាប្រជាជនជាង ១.៥លាននាក់ នៅក្នុងទីក្រុងកំពង់ផែ អូដេសា (Odesa) និងតំបន់នៅជុំវិញ នៃភាគខាងត្បូងនៃប្រទេស កំពុងគ្មានអគ្គិសនីប្រើប្រាស់ ហើយលោកផ្ទាល់ក៏បានព្រមានដែរថា ស្ថានភាពកាន់តែ អាក្រក់ទៅៗ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១១ ខែធ្នូ ឆ្នាំ២០២២។

បើតាមអាជ្ញាធរអ៊ុយក្រែន ហេដ្ឋារចនាសម្ព័ន្ធបន្ទាប់បន្សំទាំងអស់ក្នុងទីក្រុងអូដេសា គ្មានអគ្គិសនីប្រើប្រាស់ឡើយ បន្ទាប់ពីរុស្ស៉ីបានប្រើយន្ដហោះដ្រូន ផលិតដោយ អ៉ីរ៉ង់ ដើម្បីវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលចំនួន២ ដែលអាចនឹងត្រូវចំណាយពេលជាច្រើនខែ ក្នុងការជួសជុលការខូចខាតឡើងវិញ ហើយបច្ចុប្បន្ន មានតែហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗក្នុងនោះរួមមានទាំងមន្ទីរពេទ្យប៉ុណ្ណោះ មានអគ្គិសនីប្រើប្រាស់។

គួរបញ្ជាក់ថា រុស្ស៉ី បានបង្កើនការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន ចាប់តាំងពីបានបរាជ័យនៅក្នុងតំបន់ខឺសុន កាលពីដើមខែវិច្ឆិកាមក។ កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ ប្រធានាធិបតីរុស្ស៉ី លោក ពូទីន ថែមទាំងបានសន្យាផងដែរថានឹងបន្តវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែន ដែលបាន និងកំពុង ធ្វើឱ្យប្រជាជនស៊ីវិលរាប់លាននាក់គ្មានអគ្គិសនីប្រើ នៅចំពោះមុខរដូវរងាដ៏គ្រោះថ្នាក់៕