(បែលក្រាដ)៖ ប្រធានាធិបតីស៊ែរប៊ី លោក អាឡិចសាន់ដារ វូស៊ីគ (Aleksandar Vucic) បាននិយាយថាប្រទេសលោកខាងលោកនឹងស្នើសុំការអនុញ្ញាតពី កងកម្លាំងរក្សាសន្តិភាពរបស់ NATO ដើម្បីដាក់ពង្រាយកម្លាំងយោធា និងប៉ូលិសស៊ែរប៊ី ទៅកាន់តំបន់ភាគខាងជើងនៃសាធារណរដ្ឋកូសូវ៉ូ បើទោះជាមានសង្ឃឹមតិចតួចថា សំណើនេះនឹងត្រូវបានអនុម័តក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១១ ខែធ្នូ ឆ្នាំ២០២២។

លោក Vucic ធ្វើការកត់សម្គាល់ខាងលើ នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅឯទីក្រុងបែលក្រាដ (Belgrade) នៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ នៅចំពោះមុខភាពតានតឹងក្នុង តំបន់បាល់កង់។ លោក Vucic បានគូសបញ្ជាក់ដូច្នេះថា «យើងនឹងស្នើសុំការអនុញ្ញាតពីមេបញ្ជាការនៃបេសកកម្ម KFOR របស់ NATO ដើម្បីអាចដាក់ពង្រាយកងកម្លាំង ស៊ែរប៊ី ទៅកាន់ទឹកដីកូសូវ៉ូ និងតំបន់ ម៉េតូហ៊ីចា (Metohija)»។ ប៉ុន្តែ ព្រមពេលជាមួយគ្នា ប្រធានាធិបតីស៊ែរប៊ីរូបនេះក៏បានទទួលស្គាល់ដែរថាមានសង្ឃឹមតិចតួច ដែល សំណើរបស់លោកនឹងត្រូវបានអនុម័ត។

គួរបញ្ជាក់ថា ការស្នើរបស់លោក Vucic នឹងក្លាយជាសំណើលើកដំបូងបំផុតរបស់ស៊ែរប៊ី ដែលចង់ដាក់ពង្រាយកងកម្លាំងទៅកាន់កូសូវ៉ូ ចាប់តាំងពីសង្រ្គាមឆ្នាំ១៩៩៨ -១៩៩៩ បិទបញ្ចប់ ក្រោមដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខ UN និងមានការអន្តរាគមន៍របស់ NATO ដែលបានជួយឱ្យកូសូវ៉ូទទួលបានឯករាជ្យ។ ប៉ុន្តែ ស៊ែរប៊ី ដែលមានចិន និងរុស្ស៉ី ជាខ្នងបង្អែក មិនបានទទួលស្គាល់ឯករាជ្យរបស់កូសូវ៉ូនោះទេ ដោយនៅតែចាត់ទុកថាជាខេត្តមួយរបស់ខ្លួន។ មកទល់នឹងពេលនេះ NATO បានដាក់ពង្រាយកងកម្លាំងសន្តិភាព ៣,៧០០នាក់ នៅលើទឹកដីកូសូវ៉ូ ក្រោមបេសកកម្មទប់ស្កាត់អំពើហិង្សារវាងជនជាតិភាគតិចអាល់បានី និងស៊ែរប៊ី៕