(ព្រុចសែល)៖ ប្រមុខអង្គការណាតូ (NATO) លោក ជេនស៍ ស្តូលធិនបឺគ (Jens Stoltenberg) បាននិយាយថា ជម្លោះនៅអ៊ុយក្រែនអាចផ្ទុះឡើងជាសង្គ្រាមពេញលេញរវាងរុស្ស៊ី និងណាតូ ហើយប្តេជ្ញាបញ្ចៀសជម្លោះជាសាកលបែបនេះ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរុស្ស៉ី RT នៅថ្ងៃសៅរ៍ ទី១០ ខែធ្នូ ឆ្នាំ២០២២។
ថ្លែងប្រាប់ទូរទស្សន៍ន័រវេស NRK កាលពីថ្ងៃសុក្រសប្តាហ៍នេះ លោក ស្តូលធិនបឺគ បានគូសបញ្ជាក់ថា «ខ្ញុំបារម្ភថា សង្រ្គាមនៅអ៊ុយក្រែននឹងរបូតចេញពីការគ្រប់គ្រង ហើយក្លាយជាសង្រ្គាមដ៏ធំមួយរវាងណាតូ និងរុស្ស៊ី។ ប្រសិនបើអ្វីៗខុសប្រក្រតី ពួកគេអាចខុសយ៉ាងធ្ងន់ធ្ងរ»។
លោក ស្តូលធិនបឺគ បានបន្ថែមថា «ភារកិច្ចសំខាន់បំផុតរបស់អង្គការណាតូ គឺការទប់ស្កាត់សង្គ្រាមទ្រង់ទ្រាយធំនៅអឺរ៉ុប ហើយនោះគឺជាអ្វីដែលយើងធ្វើការជារៀងរាល់ថ្ងៃ»។
គួរបញ្ជាក់ថា ក្រោយពីរុស្ស៊ីបើកការឈ្លានពាននៅអ៊ុយក្រែន អង្គការណាតូបានពង្រាយទាហានចំនួន ៤០,០០០នាក់ ទៅកាន់ផ្នែកខាងកើតរបស់ខ្លួន ពោលគឺកើនឡើងជិតដប់ដងបើធៀបនឹងឆ្នាំមុន ខណៈទីក្រុងមូស្គូបានចាត់ទុកទីតាំងយោធារបស់ណាតូដែលនៅជិតព្រំដែនរបស់ខ្លួនថាជាការគំរាមកំហែងសន្តិសុខជាតិ៕