(តៃប៉ិ)៖ ប្រធានាធិបតីតៃវ៉ាន់ លោកស្រី សៃ អ៉ីងវិន (Tsai Ing-wen) នៅថ្ងៃសៅរ៍នេះ បានប្តេជ្ញាថានឹងបង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខ ឱ្យកាន់តែស៉ីជម្រៅបន្ថែមទៀតជាមួយទីក្រុងតូក្យូ ដើម្បីធានាសេរីភាពនៅតំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិក កំលុងជំនួបស្វាគមន៍ដំណើរទស្សនកិច្ច​របស់សមាជិកជាន់ខ្ពស់មួយរូប នៃគណបក្សកាន់អំណាចជប៉ុន LDP។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១០ ខែធ្នូ ឆ្នាំ២០២២។

កំលុងជំនួបនៅការិយាល័យប្រធានាធិបតីតៃវ៉ាន់ ក្នុងទីក្រុងតៃប៉ិ លោកស្រី សៃ បានអរគុណលោក កូអ៉ីឈិ ហាហ្គីអ៊ូដា (Koichi Hagiuda) ដែលជាប្រមុខគោលនយោបាយរបស់គណបក្ស LDP សម្រាប់កិច្ចប្រឹងប្រែងគាំទ្ររបស់ភាគីជប៉ុន ជុំវិញបញ្ហាដូចជាការរក្សាសន្តិសុខនៅ​តំបន់ច្រកសមុទ្រតៃវ៉ាន់ជាដើម។

លោកស្រីប្រធានាធិបតីតៃវ៉ាន់ បាននិយាយដូច្នេះថា «ប៉ុន្មានឆ្នាំចុងក្រោយនេះ យើងបានមើលឃើញថា ទំនាក់ទំនងតៃវ៉ាន់-ជប៉ុនគឺកាន់តែ​ជិតស្និទ្ធគ្នាខ្លាំង។ នាពេលអនាគត តៃវ៉ាន់នឹងនៅតែបន្តធ្វើឱ្យកិច្ចសហប្រតិបត្តិជាមួយជប៉ុន កាន់តែមានភាពស៉ីជម្រៅថែមទៀតក្នុងវិស័យ​ជាច្រើន ដូចជាវិស័យសន្តិសុខ ហើយធ្វើការរួមគ្នាដើម្បីធានានូវសេរីភាព ការបើកចំហ និងស្ថិរភាពនៃតំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិក»

ចំណែកលោក ហាហ្គីអ៊ូដា វិញ បានលើកឡើងដូច្នេះថា «តៃវ៉ាន់គឺជាដៃគូដ៏សំខាន់បំផុតមួយ និងជាមិត្តដ៏មានតម្លៃរបស់ជប៉ុន ហើយប្រកាន់​គុណតម្លៃមូលដ្ឋានមិនខុសពីជប៉ុនឡើយ ដូចជាលទ្ធិប្រជាធិបតេយ្យសេរី សិទ្ធិមូលដ្ឋានរបស់មនុស្ស និងនីតិរដ្ឋ ព្រមទាំងមានទំនាក់ទំនង​ផ្នែក​​សេដ្ឋកិច្ច និងការធ្វើប្រាស្រ័យទាក់ទងរវាងប្រជាជនយ៉ាងស្និទ្ធស្នាល»។ លោក ហាហ្គីអ៊ូដា ស្ថិតនៅក្នុងទីក្រុងតៃប៉ិ ដើម្បីចូលរួមវេទិកា​មួយនាថ្ងៃអាទិត្យសប្តាហ៍នេះ ស្តីពីទំនាក់ទំនងរវាងតៃវ៉ាន់-ជប៉ុន។

គួរបញ្ជាក់ថា ទោះបីជាតៃវ៉ាន់និងជប៉ុន មិនមានចំណងទាក់ទងការទូតផ្លូវការជាមួយគ្នាក៏ដោយ ទីក្រុងតៃប៉ិនិងទីក្រុងតូក្យូ បានរក្សាទំនាក់​ទំនងមិនផ្លូវការយ៉ាងជិតស្និទ្ធរវាងគ្នា ហើយក៏សុទ្ធតែមានក្តីបារម្ភអំពីចិនដូចគ្នាផងដែរ ជាពិសេសនោះ គឺការកើនឡើងនៃសកម្មភាពយោធា​របស់ទីក្រុងប៉េកាំង នៅក្បែរទឹកដីរបស់ភាគីទាំងពីរ៕