(ប៉ារីស)៖ កាលពីថ្ងៃសុក្រសប្តាហ៍នេះ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានប្រកាសថា បារាំងនឹងចាប់ផ្តើមកំណត់លែងឱ្យ ស្រោមអនាម័យត្រូវគិតប្រាក់ទៀតនោះឡើយ សម្រាប់មនុស្សប្រុសនៅក្នុងប្រទេសបារាំង ដែលមានអាយុ២៥ឆ្នាំចុះក្រោម នៅឆ្នាំ២០២៣។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១០ ខែធ្នូ ឆ្នាំ២០២២។
ការប្រកាសគោលការណ៍ខាងលើ គឺស្របពេលដែលរដ្ឋាភិបាលបារាំងមើលឃើញ កំណើននៃការឆ្លងរាតត្បាតជំងឺកាមរោគ ក្នុងចំណោមប្រជាជនវ័យក្មេងនៅក្នុងប្រទេស ខណៈវិបត្តិអតិផរណាខ្ពស់ក្នុងឆ្នាំ២០២២នេះ បានបង្កជាបញ្ហាចោទខ្លាំងជាពិសេសចំពោះ កញ្ចប់ថវិការបស់ប្រជាជនបារាំង ដែលមានប្រាក់ចំណូលទាប។
នៅក្នុងប្រទេសបារាំង មនុស្សស្រីពេញវ័យ និងមានអាយុ២៥ឆ្នាំចុះក្រោម គឺអាចទទួលបានមធ្យោបាយពន្យារកំណើត ដោយឥតគិតថ្លៃរួចជាស្រេច នៅក្រោមគោលការណ៍របស់រដ្ឋាភិបាល ដែលជាផ្នែកនៃកិច្ចប្រឹងប្រែងដើម្បីធានាថា ប្រជាជនវ័យក្មេងៗទោះស្ថិតក្នុង ស្ថានភាពប្រាក់ចំណូលបែបណាក៏ដោយ គឺអាចទប់ស្កាត់ការមានផ្ទៃពោះ ដែលពួកគេមិនត្រូវការបាន។
បើតាមលោក ម៉ាក្រុង ស្រោមអនាម័យនៅតាមឱសថស្ថាន គឺនឹងឥតគិតថ្លៃទៀតឡើយ សម្រាប់មនុស្សប្រុសដែលមានអាយុពី១៨ឆ្នាំ ដល់២៥ឆ្នាំ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ តទៅ។ ដោយជាប់ឈ្មោះជាប្រធានាធិបតីក្មេងបំផុតរបស់បារាំង នៅពេលលោកជាប់ឆ្នោតដំបូងជាមេដឹកនាំ កាលពីឆ្នាំ២០១៧ នៅអាយុ៣៩ឆ្នាំ លោក ម៉ាក្រុង ក៏បានសន្យាបង្កើនកិច្ចប្រឹងប្រែង បង្ការក៏ដូចជាធ្វើតេស្តរកមេរោគអេដស៍ ព្រមទាំងជំងឺកាមរោគដទៃទៀតផងដែរ នៅក្នុងប្រទេស។
គួរបញ្ជាក់ថា ប្រព័ន្ធថែទាំសុខភាពរបស់រដ្ឋាភិបាលនៅបារាំង គឺជួយទទួលរ៉ាប់រងខ្លះៗទៅលើ ថ្លៃចំណាយសម្រាប់ការពន្យារកំណើត ប៉ុន្តែមិនទាំងស្រុងនោះទេ ខណៈការរំលូតកូនគឺឥតគិតថ្លៃសម្រាប់ស្រ្តីគ្រប់រូប។ ចំណែកប្រទេសអឺរ៉ុបដទៃទៀត ខ្លះផ្តល់មធ្យោបាយពន្យារកំណើតដោយឥតគិតថ្លៃ ឬក្រោមការជួយឧបត្ថម្ភពីរដ្ឋាភិបាល៕