(យូអិន)៖ ឯកអគ្គរដ្ឋទូតរបស់ចក្រភពអង់គ្លេស ប្រចាំនៅអង្គការសហប្រជាជាតិ (UN) លោកស្រី បាបារ៉ា វូឌវ៉ាដ (Barbara Woodward) បាននិយាយកាលពីថ្ងៃសុក្រសប្តាហ៍នេះថា រុស្ស៉ីកំពុងព្យាយាមស្វែងរកអាវុធបន្ថែមទៀតពីអ៉ីរ៉ង់ ក្នុងនោះរួមមានទាំងមីស៉ីលបាលិស្ទីគ ហើយផ្តល់ឱ្យទៅទីក្រុងតហេរ៉ង់វិញ នូវការគាំទ្រផ្នែកយោធានិងបច្ចេកទេស ក្នុងកម្រិតធំមិនធ្លាប់មានពីមុនមកឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១០ ខែធ្នូ ឆ្នាំ២០២២។

លោកស្រី វូឌវ៉ាដ បានអះអាងថា ចាប់តាំងពីខែសីហាមក អ៉ីរ៉ង់បានផ្តល់ដ្រូនរាប់រយគ្រឿងឱ្យទៅរុស្ស៉ី ហើយពួកវាត្រូវបានប្រើប្រាស់ក្នុងការវាយប្រហារ ទៅលើជនស៉ីវិលនិងហេរដ្ឋារចនាសម្ពន្ធស៉ីវិល នៅក្នុងប្រទេសអ៊ុយក្រែន។ លោកស្រីឯកអគ្គរដ្ឋទូតអង់គ្លេស បាន​បន្តយ៉ាងដូច្នេះថា «ឥឡូវរុស្ស៉ីកំពុងព្យាយាមស្វែងរកអាវុធបន្ថែម រួមទាំងមីស៉ីលបាលិស្ទីគរាប់រយគ្រាប់ ហើយជាថ្នូររុស្ស៉ីនឹងផ្តល់ការគាំទ្រ​ផ្នែកយោធានិងបច្ចេកទេស ក្នុងកម្រិតធំមិនធ្លាប់មានឡើយដល់អ៉ីរ៉ង់។ យើងព្រួយបារម្ភថា រុស្ស៉ីមានបំណងផ្តល់ឱ្យអ៉ីរ៉ង់នូវបរិក្ខារយោធា​ទំនើបៗ ដែលនឹងអនុញ្ញាតឱ្យអ៉ីរ៉ង់អាចពង្រឹង សមត្ថភាពសព្វាវុធរបស់ខ្លួនកាន់តែខ្លាំង»

លោកស្រី វូឌវ៉ាដ ក៏បានលើកឡើងផងដែរថា ចក្រភពអង់គ្លេសមានការជឿជាក់ខ្ពស់ថា រុស្ស៉ីកំពុងព្យាយាមស្វែងរកប្រភពសព្វាវុធ ពី​កូរ៉េខាងជើងនិងប្រទេសដែលជាប់ទណ្ឌកម្មធ្ងន់ៗដទៃទៀត ស្របពេលដែលស្តុកអាវុធរបស់ខ្លួន មានការថយចុះជាខ្លាំងដោយសារតែ​សង្រ្គាមនៅអ៊ុយក្រែន។

ចំណែកឯកអគ្គរដ្ឋទូតរុស្ស៉ីប្រចាំ UN លោក វាស្ស៉ីលី ណេបេនហ្សៀ (Vassily Nebenzia) បានប្រាប់ក្រុមប្រឹក្សាសន្តិសុខ នៅថ្ងៃដដែលថា ទីក្រុងមូស្គូបានបដិសេធជាច្រើនលើករួចមកហើយ ចំពោះការចោទប្រកាន់ដែលថា រុស្ស៉ីទទួលបានជំនួយយោធាពីអ៉ីរ៉ង់។ លោក ណេបេនហ្សៀ បាននិយាយថា ឧស្សាហកម្មយោធានៅរុស្ស៉ី អាចធ្វើការបំពេញតម្រូវការបានជាធម្មតា ហើយមិនត្រូវការជំនួយពីនរណាឡើយ ប៉ុន្តែផ្ទុយទៅវិញនោះ ​អ៊ុយក្រែនកំពុងត្រូវបានជួយជ្រោមជ្រែងយ៉ាងខ្លាំង ពីឧស្សាហកម្មយោធាលោកខាងលិច។

ទីក្រុងតេហេរ៉ង់ធ្លាប់បានទទួលស្គាល់ថា ខ្លួនបានបញ្ជូនដ្រូនឱ្យរុស្ស៉ី ប៉ុន្តែវាបានកើតឡើង មុនសង្រ្គាមអ៊ុយក្រែនផ្ទុះឡើង ហើយទីក្រុងមូស្គូ បានប្រកែកថាខ្លួនមិនបានប្រើប្រាស់ដ្រូនរបស់អ៉ីរ៉ង់ ក្នុងការវាយប្រហារលើអ៊ុយក្រែនទេ។ កាលពីថ្ងៃពុធសប្តាហ៍នេះ អាមេរិកបាននិយាយថា ខ្លួននៅតែមើលឃើញការបន្តផ្តល់ដ្រូនអ៉ីរ៉ង់ឱ្យទៅរុស្ស៉ី ប៉ុន្តែមិនឃើញមានភស្តុតាងអ្វីដែលបង្ហាញថា ទីក្រុងតេហេរ៉ង់បានផ្តល់មីស៉ីល​បាលិស្ទីគឱ្យទៅទីក្រុងមូស្គូ ដើម្បីប្រើប្រាស់ប្រឆាំងអ៊ុយក្រែនឡើយ៕