(បែរឡាំង)៖ ក្រសួងមហាផ្ទៃអាល្លឺម៉ង់កាលពីថ្ងៃសុក្រសប្តាហ៍នេះ បានចេញមុខប្រកាសអះអាងថា អាល្លឺម៉ង់មានជំនឿចិត្តយ៉ាងរឹងមាំបំផុត ចំពោះភក្តីភាពនៃកងកម្លាំងសន្តិសុខរបស់ខ្លួន បន្ទាប់ពីមានការរកឃើញថា ក្រុមស្តាំនិយមជ្រុលមួយ ដែលជាប់សង្ស័យមានផែនការប្រុងធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋអំណាចអាល្លឺម៉ង់ បានព្យាយាមទាក់ទាញទាហាននិងប៉ូលិសអាល្លឺម៉ង់ ឱ្យចូលរួមក្នុងបុព្វហេតុរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១០ ខែធ្នូ ឆ្នាំ២០២២។
អ្នកនាំពាក្យក្រសួងមហាផ្ទៃអាល្លឺម៉ង់ បានគូសបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មាន នៅឯរដ្ឋធានីបែរឡាំងយ៉ាងដូច្នេះថា «យើងមានជំនឿចិត្តយ៉ាងរឹងមាំថា បុគ្គលិកនៃទីភ្នាក់ងារសន្តិសុខទាំងអស់ សុទ្ធតែមានភាពស្មោះត្រង់ចំពោះរដ្ឋធម្មនុញ្ញរបស់ជាតិ»។ អ្នកនាំពាក្យក៏បានបន្តថា ទីភ្នាក់ងារប៉ូលិសសហព័ន្ធអាល្លឺម៉ង់ ផ្តោតការយកចិត្តទុកដាក់ខ្លាំង លើការបំផុសគុណតម្លៃប្រជាធិបតេយ្យ ទៅក្នុងស្មារតីក្រុមមន្រ្តីរបស់ខ្លួន ហើយកម្មវត្ថុនេះក៏បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការបណ្តុះបណ្តាលនៅគ្រប់ស្ថាប័នប៉ូលិស ដែលស្ថិតក្រោមចំណុះរបស់ក្រសួងផងដែរ។
គួរបញ្ជាក់ថា កាលពីថ្ងៃពុធសប្តាហ៍នេះ អាជ្ញាធរអាល្លឺម៉ង់បានបើកប្រតិបត្តិការឆ្មក់នៅទូទាំងប្រទេស ដែលបានឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យសរុបចំនួន២៥នាក់ ដែលជាសមាជិកឬអ្នកគាំទ្ររបស់ក្រុមស្តាំនិយមជ្រុលខាងលើ ខណៈបើតាមក្រុមរដ្ឋអាជ្ញាអាល្លឺម៉ង់ គឺពួកគេមានផែនការប្រុងធ្វើរដ្ឋប្រហារដើម្បីរំលំរដ្ឋអំណាច ហើយតែងតាំងព្រះអង្គម្ចាស់ម្នាក់ ជាមេដឹកនាំនៃរដ្ឋអាល្លឺម៉ង់ថ្មីមួយ។
អគ្គរដ្ឋអាជ្ញាអាល្លឺម៉ង់បានឱ្យដឹងថា ក្រុមនោះបានព្យាយាមប្រមែប្រមូលសមាជិកថ្មីៗ ជាមួយគោលដៅចម្បងផ្តោតទៅលើក្រុមមន្រ្តីនៅស្ថាប័នយោធា និងប៉ូលិសអាល្លឺម៉ង់ ឱ្យចូលរួមក្នុងបុព្វហេតុរបស់ខ្លួន។ នៅក្នុងចំណោមជនសង្ស័យដែលត្រូវបានចាប់ខ្លួន គឺរួមមានទាហានអាល្លឺម៉ង់ដែលកំពុងបម្រើការងារម្នាក់ ហើយនិងអតីតសមាជិកមួយចំនួន នៃកងកម្លាំងយោធានិងប៉ូលិសអាល្លឺម៉ង់៕