Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្ពន្ធមិត្តរបស់សហរដ្ឋអាមេរិក ប្រកាសដាក់ទណ្ឌកម្មបន្តបន្ទាប់គ្នា ទៅលើអ៉ីរ៉ង់និងរុស្ស៉ី (Video inside)

10-12-2022 09:34

(កង់បេរ៉ា)៖ បន្ទាប់ពីចក្រភពអង់គ្លេសនិងកាណាដា នៅថ្ងៃសៅរ៍នេះ រដ្ឋមន្រ្តីការបរទេសអូស្រ្តាលី បានប្រកាសថា រដ្ឋាភិបាលទីក្រុងកង់បេរ៉ា នឹងដាក់ទណ្ឌកម្មទៅលើអ៉ីរ៉ង់និងរុស្ស៉ី ដើម្បីឆ្លើយតបចំពោះអ្វីដែលអូស្រ្តាលីអះអាងថាជា «ការរំលោភបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ»។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១០ ខែធ្នូ ឆ្នាំ២០២២។

ប្រមុខការទូតអូស្រ្តាលី​ លោកស្រី ផេននី វ៉ុង (Penny Wong) បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា អូស្រ្តាលីនឹងដាក់ទណ្ឌកម្មលើបុគ្គល ចំនួន១៣នាក់ ហើយនិងអង្គភាពចំនួន២ រួមមានប៉ូលិសសីលធម៌ និងកងកម្លាំងរក្សាសន្តិសុខ បាស៉ីជ (Basij) ព្រមទាំងជនជាតិអ៉ីរ៉ង់៦នាក់ផ្សេងទៀត ដែលពាក់ព័ន្ធក្នុងសកម្មភាពបង្រ្កាបលើបាតុកម្ម ដែលបានផ្ទុះឡើងដោយសារការស្លាប់ នៃនារីអាយុ២២ឆ្នាំម្នាក់ ឈ្មោះ ម៉ាសា អាមីនី (Mahsa Amini) កាលពីខែកញ្ញា។

ចំណែកជនជាតិរុស្ស៉ីចំនួន៧នាក់ ដែលជាប់ទាក់ទងក្នុងអ្វីដែលលោកស្រី វ៉ុង ហៅថាជាការប៉ុនប៉ងធ្វើឃាត អតីតមេបក្សប្រឆាំងរុស្ស៉ី លោក អាឡិចស៉ី ណាវ៉ាល់នី (Alexei Navalny) ក៏នឹងត្រូវទទួលរងទណ្ឌកម្មសិទ្ធិមនុស្ស របស់ទីក្រុងកង់បេរ៉ាផងដែរ។ ដោយឡែក បន្ថែមពីលើទណ្ឌកម្មសិទ្ធិមនុស្ស អូស្រ្តាលីនឹងដាក់ទណ្ឌកម្មផ្នែកហិរញ្ញវត្ថុបន្ថែមទៀត ទៅលើជនជាតិអ៉ីរ៉ង់ចំនួន៣នាក់ និងក្រុមហ៊ុនអ៉ីរ៉ង់ចំនួន១ សម្រាប់ការផ្គត់ផ្គង់ដ្រូនឱ្យទៅរុស្ស៉ី​ ដែលត្រូវបានប្រើប្រាស់ក្នុងការវាយប្រហារលើអ៊ុយក្រែន។

គួរបញ្ជាក់ថា ចាប់តាំងពីសង្រ្គាមផ្ទុះឡើងនៅអ៊ុយក្រែន អូស្រ្តាលីបានដាក់ទណ្ឌកម្មបុគ្គលនិងអង្គភាពរុស្ស៉ីសរុបរាប់រយ ហើយទន្ទឹមគ្នាបាន​ផ្តល់គ្រឿងបរិក្ខារការពារជាតិ ក៏ដូចជាជំនួយមនុស្សធម៌ឱ្យទៅទីក្រុងកៀវ។ កាលពីខែតុលាកន្លងទៅ ទីក្រុងកង់បេរ៉ាបានដាក់ទណ្ឌកម្មផ្នែក​ហិរញ្ញវត្ថុ និងបម្រាមធ្វើដំណើរទៅលើក្រុមមន្រ្តីនៅតំបន់ផ្តាច់ខ្លួន ដែលតែងតាំងដោយរុស្ស៉ីចំនួន២៨នាក់ បន្ទាប់ពីប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានប្រកាសកាត់យកទឹកដីនៃតំបន់ចំនួន៤ របស់អ៊ុយក្រែន៕