(វ៉ាស៉ីនតោន)៖ សេតវិមានបានឱ្យដឹងថា នៅថ្ងៃសុក្រសប្តាហ៍នេះ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានអនុម័តការបញ្ចេញ កញ្ចប់ជំនួយយោធាថ្មីមួយទៀតដែលមានតម្លៃ ២៧៥លានដុល្លារ សម្រាប់អ៊ុយក្រែន ក្នុងនោះរួមមានការផ្តល់សមត្ថភាពថ្មី ដើម្បីប្រឆាំង​ទប់ទល់នឹងដ្រូន ព្រមទាំងការពង្រឹងសមត្ថភាពបន្ថែម លើការការពារដែនអាកាស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១០ ខែធ្នូ ឆ្នាំ២០២២។

កញ្ចប់ជំនួយខាងលើរួមមាន រ៉ុក្កែតសម្រាប់ប្រព័ន្ធបាញ់ផ្លោងគ្រាប់រ៉ុក្កែត HIMARS, គ្រាប់កាំភ្លើងធំប្រភេទ១៥៥មីលីម៉ែត្រ ៨០,០០០គ្រាប់, រថយន្តយោធា ហាំវី (Humvee) ហើយនិងម៉ាស៉ីនភ្លើងប្រមាណ១៥០គ្រឿង។ ដោយឡែក ពាក់ព័ន្ធនឹងប្រព័ន្ធចំនួន២ទៀត នៅក្នុងជំនួយនោះ ដែលផ្តោតទៅលើ​សមត្ថភាពការពារដែនអាកាស និងសមត្ថភាពប្រឆាំងទប់ទល់ជាមួយដ្រូន គឺពុំមានការបញ្ជាក់ខ្លឹមសារលម្អិតឡើយ។ បើតាមអ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ចច ខឺប៊ី (John Kirby) សម្ភារទាំងនេះ កំពុងត្រូវរៀបចំបញ្ជូនទៅឱ្យអ៊ុយក្រែន។

គួរបញ្ជាក់ថា នៅចំពោះមុខការកើនឡើងខ្លាំង នៃការវាយប្រហារដោយមីស៉ីលរបស់រុស្ស៉ីទៅលើអ៊ុយក្រែន សហរដ្ឋអាមេរិកបានបញ្ជូន ប្រព័ន្ធការពារដែនអាកាស ណាសាម (NASAMS) ឱ្យទៅទីក្រុងកៀវ ដែលត្រូវបានប្រើប្រាស់ប៉ុន្មានសប្តាហ៍មកហើយ។ មិនតែប៉ុណ្ណោះ ទីក្រុងវ៉ាស៉ីនតោន កន្លងមកក៏បានប្រកាសពីការផ្តល់ ប្រព័ន្ធការពារដែនអាកាសផ្សេងទៀតដូចជា អាវិញចឺ (Avenger) និង ហាក (HAWK) ថែមទៀតផង។ រីឯសម្ពន្ធមិត្តអាមេរិក ក៏បាននិងកំពុងផ្តល់ប្រព័ន្ធការពារអាកាស ឱ្យអ៊ុយក្រែនដូចគ្នា។

គិតចាប់តាំងពីរុស្ស៉ីបានបើកការឈ្លានពានលើអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ សហរដ្ឋអាមេរិកបានផ្តល់ជំនួយផ្នែកសន្តិសុខ-យោធា គិតជាទឹកប្រាក់សរុបគឺប្រហែល១៩.៣ពាន់លានដុល្លារហើយ ដល់ទីក្រុងកៀវ៕