លោក ពូទីន និយាយថា រុស្ស៉ីអាចនឹងកាត់បន្ថយការផលិតប្រេង ហើយនឹងបដិសេធមិនលក់ ទៅប្រទេសណាដែលកំណត់តម្លៃលើប្រេងរបស់ខ្លួន (Video inside)
09-12-2022 22:26
(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃសុក្រសប្តាហ៍នេះថា ប្រទេសរុស្ស៊ីដែលជាប្រទេសនាំចេញថាមពលដ៏ធំបំផុតរបស់ពិភពលោក អាចនឹងកាត់បន្ថយការផលិតប្រេង ហើយនឹងបដិសេធមិនលក់ប្រេងទៅឱ្យប្រទេសណា ដែលកំណត់តម្លៃប្រេងរបស់លោកខាងលិច លើប្រេងរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី០៩ ខែធ្នូ ឆ្នាំ២០២២។
ក្រុមប្រទេសសេដ្ឋកិច្ចនាំមុខ G7 និងអូស្ត្រាលីកាលពីសប្តាហ៍មុន បានព្រមព្រៀងគ្នា ក្នុងការកំណត់តម្លៃប្រេងរបស់រុស្ស៉ីឲ្យនៅត្រឹម ៦០ដុល្លារអាមេរិកក្នុងមួយបារ៉ែល បន្ទាប់ពីសមាជិកសហភាពអឺរ៉ុបបានយកឈ្នះ លើការតស៊ូប្រឆាំងពីសំណាក់ប្រទេសប៉ូឡូញ។
លោក ពូទីន បានប្រាប់អ្នកយកព័ត៌មានថា «ចំពោះប្រតិកម្មរបស់យើង ខ្ញុំបាននិយាយរួចហើយថា យើងនឹងមិនលក់ទៅឱ្យប្រទេសទាំងនោះ ដែលធ្វើការសម្រេចចិត្តបែបនេះទេ...យើងនឹងពិចារណា ប្រហែលជាចាំបាច់អាចនឹងកាត់បន្ថយផលិតកម្ម»។
លោក ពូទីន ក៏បាននិយាយផងដែរថា ទីក្រុងមូស្គូនឹងមិនខាតបង់លើតម្លៃកំណត់ ដោយលោកខាងលិចនោះទេ ហើយថាហិរញ្ញវត្ថុសាធារណៈរបស់រដ្ឋាភិបាលរបស់លោក នឹងល្អប្រសើរឡើង៕