(វ៉ាស៊ីនតោន)៖ ក្នុងខែសីហា ឆ្នាំ១៩៩១ អតីតប្រធានាធិបតីអាមេរិក លោក George H.W. Bush បានបំពេញដំណើរទស្សនកិច្ចទៅកាន់ទីក្រុងកៀវ ដើម្បីបញ្ចុះបញ្ចូល កុំឱ្យអ៊ុយក្រែនប្រកាសឯករាជ្យ។ ប៉ុន្មានសប្ដាហ៍ មុនអ៊ុយក្រែនប្រកាសឯករាជ្យ និងប៉ុន្មានខែ មុននឹងសហភាពសូវៀតរលំរលាយ អ្វីដែលលោក Bush ព្រួយបារម្ភ នៅពេលនោះ គឺខ្លាចរដ្ឋអំណាចសូវៀតដួលរលំ ហើយការបារម្ភបែបនេះក៏ត្រូវបានបន្ទរតាមក្រោយផងដែរ ពីបណ្ដាមេដឹកនាំលោកខាងលិចដូចជា អតីតអធិការបតីអាល្លឺម៉ង់ លោក Helmut Kohl និងអតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Margaret Thatcher។

សម្រាប់មេដឹកនាំទាំងនេះ ប្រសិនបើគ្មានការបន្តការគ្រប់គ្រងដោយទីក្រុងមូស្គូទេ ពួកគេខ្លាចក្រែងថាអនាគតរបស់រុស្ស៉ី ធ្លាក់ទៅក្នុងកណ្ដាប់ដៃអ្នកនយោបាយជាតិ និយមជ្រុល ការផ្ទុះជម្លោះពូជសាសន៍ ហើយខ្លាចបំផុត គឺអាវុធនុយក្លេអ៊ែរធ្លាក់ទៅក្នុងដៃក្រុមមនុស្សដែលមិនមានទំនួលខុសត្រូវ។ បច្ចុប្បន្ន ការព្រួយបារម្ភដូចគ្នានេះ បាន និងកំពុងកើតឡើងម្ដងទៀត ក្នុងចំណោមបណ្ដាប្រទេសលោកខាងលិចមួយចំនួនធំ ខណៈរបបដឹកនាំប្រធានាធិបតីលោក ពូទីន កំពុងប្រឈមមុខនឹងវិបត្តិ ជាច្រើនបង្កឡើងដោយសង្រ្គាមឈ្លានពានរបស់វិមានក្រឹមឡាំងប្រឆាំងនឹងអ៊ុយក្រែន។

ការគំាទ្រសង្រ្គាមនៅក្នុងចំណោមប្រជាជនរុស្ស៉ីមានការថយចុះខ្លាំង ហើយការរិះគន់ក៏នៅតែមាន បើទោះជាមានការបង្រ្កាបឥតសំច្ចៃដៃក៏ដោយ រីឯបុរសរាប់ម៉ឺននាក់ បានរត់គេចចេញពីប្រទេស ចាប់តំាងពីលោក ពូទីនប្រកាសកែនកងទ័ពមួយផ្នែកកាលពីចុងខែកញ្ញាកន្លងទៅ។ ប៉ុន្តែជាថ្មីម្ដងទៀត លោកខាងលិចនៅតែស្ទាក់ស្ទើរ ចំពោះវិធីសាស្ត្រត្រឹមត្រូវក្នុងការគ្រប់គ្រងភាពតានតឹង ហើយប្រហែលជាអាចនឹងប្រព្រឹត្តកំហុសច្រំដែលដូចកាលពីឆ្នាំ១៩៩១ក៏ថាបាន។ មេដឹកនាំលោកខាងលិច ជាច្រើនរួមទាំងលោក ចូ បៃដិន បានបង្ហាញការស្ទាក់ស្ទើរជាច្រើនលើកពីជ័យជម្នះពិតប្រាកដរបស់អ៊ុយក្រែន ចំពោះមុខការយល់ឃើញខុសគ្នាៗថាតើសង្រ្គាម ត្រូវបញ្ចប់ទៅដោយបៀបណា?

ជំនួសឱ្យការប្រើប្រាស់ពាក្យជ័យជម្នះរបស់អ៊ុយក្រែនត្រង់ៗ មេដឹកនាំទាំងនេះបាននិយាយតែពីធ្វើយ៉ាងណាដើម្បីរារាំងកុំឱ្យរុស្ស៉ីឈ្នះតែប៉ុណ្ណោះ។ ជាឧទាហរណ៍ អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលស៍ (Olaf Scholz) បានប្រកាសថារុស្ស៉ីមិនអាចឈ្នះសង្រ្គាមនៅអ៊ុយក្រែននោះទេ ខណៈប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បាននិយាយថា គេមិនគួរធ្វើឱ្យលោក ពូទីនអាម៉ាស់មុខនោះទេ។ ជាការពិតណាស់ លោកខាងលិចកំពុងរួបរួមគ្នាមិនធ្លាប់មានដើម្បីជួយ អ៊ុយក្រែនប្រយុទ្ធជាមួយរុស្ស៉ី ហើយបើគ្មានជំនួយពីលោកខាងលិច ម្ល៉េះទីក្រុងកៀវក៏មិនអាចប្រយុទ្ធជាមួយរុស្ស៉ីមកទល់នឹងសព្វថ្ងៃបានដែរ។ តែទោះជាបែបនេះក្ដី ការខ្វែងគំនិតគ្នា និងការព្រួយបារម្ភ នៅតែមានគម្លាតខុសគ្នាឆ្ងាយរវាងប្រទេសអឺរ៉ុបខាងលិច និងប្រទេសអឺរ៉ុបខាងកើតដែលមានព្រំដែនជាប់រុស្ស៉ី។

នៅក្នុងទីក្រុងវ៉ាស៊ីនតោន ទីក្រុងប៉ារីស និងទីក្រុងបែរឡាំង អ្វីដែលជាការព្រួយបារម្ភ នោះគឺការភ័យខា្លចថាការបង្ខំឱ្យលោក ពូទីន អាម៉ាស់មុខ ឬដើរដល់ផ្លូវទាល់ច្រក អាចនឹងបង្ខំឱ្យលោកប្រើប្រាស់អាវុធនុយក្លេអ៊ែរ ហើយព្រមពេលជាមួយគ្នា ទោះជាបានផ្ដល់អាវុធយ៉ាងច្រើនសន្ធឹកសន្ធាប់ក៏ពិតមែន តែពួកគេបានបដិសេធផ្ដល់អាវុធ ដែលអ៊ុយក្រែនត្រូវការជាចាំបាច់ដើម្បីយកឈ្នះនៅក្នុងសង្រ្គាម។ តួយ៉ាង សហរដ្ឋអាមេរិក បាននាំមុខគេក្នុងការផ្ដល់អាវុធដល់អ៊ុយក្រែន រួមមានទាំងប្រព័ន្ធមីស៊ីល HIMARS ប៉ុន្តែទីក្រុងវ៉ាស៊ីនតោនបានដំឡើងមុខងារនៅលើប្រព័ន្ធអាវុធរបស់ខ្លួន ដែលរារាំងមិនឱ្យទីក្រុងកៀវប្រើប្រាស់គ្រាប់មីស៊ីលរយៈចម្ងាយឆ្ងាយ ហើយជារឿយៗ មន្ត្រីអាមេរិកក៏បានដាក់សម្ពាធកុំឱ្យអ៊ុយក្រែនវាយប្រហារចូលក្នុងទឹកដីរុស្ស៉ីផងដែរ។

ចំណែកឯ អាល្លឺម៉ង់វិញ បើទោះជារងសម្ពាធពីសម្ព័ន្ធមិត្ត NATO មួយចំនួនក៏ដោយ ក៏ទីក្រុងបែរឡាំងនៅតែបន្តបដិសេធផ្ដល់រថក្រោះប្រយុទ្ធ Leopard ឱ្យអ៊ុយក្រែន ហើយថែមទាំងហាមមិនឱ្យប្រទេសផ្សេងបញ្ជូនឱ្យទីក្រុងកៀវទៀតផង ហើយហេតុផលចម្បង គឺបារម្ភខ្លាចសង្រ្គាមរាលដាលចេញពីអ៊ុយក្រែន ផ្ទុះជាសង្រ្គាមទាំងស្រុង ជាមួយរុស្ស៉ីនៅក្នុងតំបន់អឺរ៉ុបទាំងមូល។ ផ្ទុយពីបណ្ដាអឺរ៉ុបខាងលិច ប្រទេសក្នុងតំបន់បាល់ទិកទាំង៣ រួមមានអេស្ដូនី ឡេតូនី លីទុយអានី និងប៉ូឡូញ ដែលមានរបងផ្ទះ ជាប់រុស្ស៉ី បែរជាភ័យខ្លាចរុស្ស៉ីឈ្នះនៅក្នុងសង្រ្គាម ខ្លាំងជាងផ្ទុះសង្រ្គាមទ្រង់ទ្រាយធំទៅវិញ។ ប្រទេសទាំងនេះបានផ្ដល់ជំនួយយោធាយ៉ាងច្រើនតាមដែលអាចធ្វើទៅបាន ច្រើនជាងប្រទេសអឺរ៉ុបខាងលិចខ្លះទៅទៀតផង ហើយក៏បានបង្ហាញការសោកស្ដាយចំពោះការស្ទាក់ស្ទើររបស់អឺរ៉ុបខាងលិច និងសហរដ្ឋអាមេរិកផងដែរ។

ពីព្រោះនៅក្នុងផ្នត់គំនិតរបស់ពួកគេ ការស្ទាក់ស្ទើរ និងការរឹតត្បិត ការបញ្ជូនអាវុធឱ្យអ៊ុយក្រែននឹងមានតែអូសបន្លាយសង្រ្គាម ធ្វើឱ្យអ្នកស្លាប់មានកាន់តែច្រើន និងប្រជាជនអ៊ុយក្រែនរងការឈឺចាប់កាន់តែខ្លោចផ្សា ព្រមទាំងផ្ដល់ឱកាសឱ្យលោក ពូទីន ស្ដារស្ថានការណ៍សង្រ្គាមឡើងវិញប៉ុណ្ណោះ។ ទាំងនេះមើលទៅហាក់ដូចជា រឿងហួសចិត្ត ដែលប្រទេសអឺរ៉ុបខាងលិចនៅឆ្ងាយពីរុស្ស៉ី បែរជាខ្លាចផ្ទុះសង្រ្គាមកាន់តែធំជាងប្រទេសដែលនៅក្បែររុស្ស៉ីទៅវិញ។ ដ្បិតតាមពិតទៅ បើសង្រ្គាមផ្ទុះឡើង កាន់តែធំ អ្នកដែលរងគ្រោះធ្ងន់ធ្ងរជាងគេ គឺប្រទេសនៅក្បែររុស្ស៉ី ពោលគឺសូម្បីជនភៀសខ្លួនក៏រត់ចូលប្រទេសក្បែរមុនដែរ។

បើគេចាំមិនភ្លេចទេ នៅពេលដែលមីស៊ីលផលិតដោយរុស្ស៉ីមួយគ្រាប់ ធ្លាក់ចូលក្នុងទឹកដីប៉ូឡូញដោយផ្ដាច់ជីវិតមនុស្ស២នាក់ កាលពីថ្ងៃទី១៥ ខែវិច្ឆិកាកន្លងទៅ មេដឹកនាំ ប៉ូឡូញ និយាយថាឧបទ្ទវហេតុនេះបង្ហាញយ៉ាងច្បាស់ថាអ៊ុយក្រែន ត្រូវការអាវុធបន្ថែមពីលោកខាងលិច។ មួយវិញទៀត ប្រសិនបើរុស្ស៉ីប្រើអាវុធនុយក្លេអ៊ែរ ឬក៏បើក ការវាយប្រហារលើរោងចក្រនុយក្លេអ៊ែរអ៊ុយក្រែន នោះសារធាតុវិទ្យុសកម្មនឹងសាយភាពចូលទៅក្នុងប្រទេសនៅក្បែររុស្ស៉ីមុនគេ។ សម្រាប់អេស្ដូនី ឡេតូនី លីទុយអានី និងប៉ូឡូញ ដែលសុទ្ធតែធ្លាប់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់សូវៀត ពួកគេមានការភ័យខ្លាចរុស្ស៉ីខ្លាំងក្លា ជាងខ្លាចរុស្ស៉ីចុះខ្សាយ ហើយខ្លាចរុស្ស៉ីឈ្នះសង្រ្គាម នៅអ៊ុយក្រែន ជាងខ្លាចរុស្ស៉ីចាញ់ហើយធ្វើឱ្យសង្រ្គាមធំផ្ទុះឡើង។ ពីព្រោះពួកគេមិនចង់ត្រឡប់ចូលទៅក្នុងដែនឥទ្ធិពលរុស្ស៉ីសាជាថ្មីនោះទេ។

ផ្ទុយពីបណ្ដាប្រទេសលោកខាងលិច ប្រទេសក្នុងតំបន់បាល់ទិកទាំង៣ និងប៉ូឡូញ បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះអ្វីដែលលោក ពូទីន និងថ្នាក់ដឹកនាំរុស្ស៉ី លើកឡើងពីមហិច្ឆតាបង្កើតដែនឥទ្ធិពល ឬចក្រភពរុស្ស៉ីឡើងវិញ ហើយក្រោយសង្រ្គាមអ៊ុយក្រែនផ្ទុះឡើង បណ្ដាប្រទេសទាំងនេះកាន់តែព្រួយបារម្ភខ្លាំងឡើងដោយ ពួកគេមើលឃើញផ្លូវ២៖ ផ្លូវទី១ ប្រសិនបើរុស្ស៉ីឈ្នះនៅអ៊ុយក្រែន នោះទីក្រុងមូស្គូ អាចនឹងពង្រីករបស់ខ្លួនលើប្រទេសក្បែរខាង ឬអាចនិយាយថាអ្នកបន្ទាប់អាចជាពួកគេ ​និងផ្លូវទី២ បទឈប់បាញ់ណាមួយ នឹងផ្ដល់ឱកាសឱ្យលោក ពូទីន ប្រមូលកម្លាំងទ័ពឡើងវិញ ដូច្នេះហើយពួកគេយល់ថាសម្រាប់អ៊ុយក្រែន ត្រូវតែធានាឱ្យបាន សេរីភាពរបស់ខ្លួន រីឯរុស្ស៉ីត្រូវចាញ់នៅអ៊ុយក្រែន៕