(កាណាដា)៖ ប្រទេសកាណាដានៅថ្ងៃសុក្រនេះ បានសម្រេចដាក់ទណ្ឌកម្មថ្មីលើរុស្ស៊ី អ៊ីរ៉ង់ និងមីយ៉ាន់ម៉ា ដោយលើកឡើងពីការរំលោភសិទ្ធិមនុស្ស ដោយរដ្ឋាភិបាលរបស់ពួកគេ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី០៩ ខែធ្នូ ឆ្នាំ២០២២។

ក្រសួងការបរទេសកាណាដាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សកម្មភាពរួមមានការដាក់ទណ្ឌកម្មប្រឆាំងនឹងមន្ត្រីជាន់ខ្ពស់រុស្ស៊ីបច្ចុប្បន្ន និងអតីតចំនួន ៣៣នាក់ និងអង្គភាពចំនួន៦ ដែលពាក់ព័ន្ធនឹង «ការរំលោភសិទ្ធិមនុស្សជាប្រព័ន្ធ» ប្រឆាំងពលរដ្ឋរុស្ស៊ីដែលតវ៉ាការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន។

ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីកាលពីថ្ងៃទី២ ខែកុម្ភៈមក ប្រទេសកាណាដាបានដាក់ទណ្ឌកម្មលើបុគ្គល និងអង្គភាពជាង ១,៥០០មកពីប្រទេសរុស្ស៊ី អ៊ុយក្រែន និងបេឡារុស្ស។

ការដាក់ទណ្ឌកម្មថ្មីនេះ ក៏ត្រូវបានដាក់លើបុគ្គលចំនួន ២២នាក់នៅក្នុងប្រទេសអ៊ីរ៉ង់ ដែលរួមមានសមាជិកជាន់ខ្ពស់នៃស្ថាប័នតុលាការ ប្រព័ន្ធពន្ធនាគារ ព្រមទាំងមេដឹកនាំនយោបាយ ដូចជាជំនួយការជាន់ខ្ពស់ របស់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei និងឥស្សរជននៅក្នុងប្រព័ន្ធផ្សព្វផ្សាយរដ្ឋផងដែរ។

ការដាក់ទណ្ឌកម្មលើប្រទេសអ៊ីរ៉ង់ បានកើតឡើងមួយថ្ងៃ បន្ទាប់ពីអ៊ីរ៉ង់បានព្យួរកបុរសម្នាក់ ដែលត្រូវបានកាត់ទោសពីបទបង្ករបួសស្នាមលើសន្តិសុខ ដោយកាំបិត និងបិទផ្លូវក្នុងទីក្រុង Tehran។ ការតវ៉ាទូទាំងប្រទេសបានផ្ទុះឡើង បន្ទាប់ពីការស្លាប់របស់ស្ត្រីជនជាតិអ៊ីរ៉ង់ដើមកំណើតឃឺដ អាយុ ២២ឆ្នាំ កញ្ញា Mahsa Amini ក្នុងការឃុំឃាំងរបស់ប៉ូលិសកាលពីថ្ងៃទី ១៦ ខែកញ្ញា៕