(មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ីលោក វ៉្លាឌីមៀ ពូទីន នៅថ្ងៃសុក្រនេះ បាននិយាយថា មហិច្ឆតារបស់ក្រុមប្រទេសលោកខាងលិច ក្នុងការព្យាយាមរក្សាអំណាចនិងឥទ្ធិពលរបស់ខ្លួន នៅលើឆាកអន្តរជាតិ គឺជាកត្តាចម្បងដែលបង្កើនហានិភ័យ នៃការផ្ទុះជម្លោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៩ ខែធ្នូ ឆ្នាំ២០២២។
លោក ពូទីន បានលើកឡើងយ៉ាងដូច្នេះថា «លទ្ធភាពនៃការផ្ទុះជម្លោះនៅលើពិភពលោក កំពុងតែរីកធំឡើងៗ ហើយនេះគឺជាផលវិបាកផ្ទាល់ នៃការប៉ុនប៉ងរបស់ក្រុមប្រទេសលោកខាងលិច ដែលនៅតែមានមហិច្ឆតាចង់រក្សាអំណាច និងឥទ្ធិពលនៅក្នុងផ្នែកនយោបាយ ហិរញ្ញវត្ថុ យោធា ក៏ដូចជាមនោគមវិជ្ជារបស់ពួកគេ បើទោះបីត្រូវប្រើប្រាស់មធ្យោបាយបែបណាក៏ដោយ»។
លោកប្រធានាធិបតីរុស្ស៉ី បានថ្លែងដូចខាងលើក្នុងសារវីដេអូមួយ ទៅកាន់កិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិ នៃអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ SCO ហើយនិងក្រុមប្រទេសជាអតីតរដ្ឋសូវៀត ដែលត្រូវបានចេញផ្សាយដោយវិមានក្រឹមឡាំង។ លោក ពូទីន បានបន្តថា «ពួកគេបានពង្រីកភាពចលាចល និងបង្កើនកម្តៅស្ថានការណ៍អន្តរជាតិដោយចេតនា»។ មិនតែប៉ុណ្ណោះ មេដឹកនាំរុស្ស៉ីរូបនេះ ក៏បានចោទក្រុមលោកខាងលិចផងដែរថា ទាញយកផលប្រយោជន៍ពីអ៊ុយក្រែន ហើយប្រើប្រាស់ប្រជាជនអ៊ុយក្រែនជាឈ្នាន់ ក្នុងជម្លោះប្រឆាំងជាមួយរុស្ស៉ី។
គួរបញ្ជាក់ថា លោក ពូទីន ជាច្រើនលើកច្រើនសាបានចាត់ទុក សង្រ្គាមនៅអ៊ុយក្រែន ដែលទីក្រុងមូស្គូនៅតែហៅថា «ប្រតិបត្តិការយោធាពិសេសនោះ» គឺជាជម្លោះរវាងរុស្ស៉ីនិងក្រុមលោកខាងលិច ដោយលោកបានរិះគន់ប្រទេសទាំងឡាយ ដែលបានផ្តល់ការគាំទ្រផ្នែកយោធា និងហិរញ្ញវត្ថុដល់ទីក្រុងកៀវ។
យ៉ាងណាក្តី ទីក្រុងកៀវ ក្រុមប្រទេសអឺរ៉ុប ហើយនិងសហរដ្ឋអាមេរិក បាននិយាយថា ទីក្រុងមូស្គូបានប្រើប្រាស់ ក្តីបារម្ភអំពីបញ្ហាសន្តិសុខធ្វើជាលេស ដើម្បីបង្កសង្រ្គាមឈ្លានពានប្រឆាំងនឹងប្រទេសជិតខាងរបស់ខ្លួន ដែលមានទំនោរគាំទ្រអឺរ៉ុប ក្នុងការប៉ុនប៉ងដណ្តើមទឹកដី ហើយផ្តួលរំលំប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី៕