(ប៉េកាំង)៖ នៅថ្ងៃសុក្រនេះចិនបានប្រកាសពីការប្រគល់ជាលើកដំបូង នៃយន្តហោះដឹកអ្នកដំណើរផលិតនៅក្នុងស្រុកផ្ទាល់ ឱ្យទៅអតិថិជនដែលជាក្រុមហ៊ុនអាកាសចរណ៍នៅក្នុងស្រុក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៩ ខែធ្នូ ឆ្នាំ២០២២។

ទីក្រុងប៉េកាំងមានក្តីសង្ឃឹមថា យន្តហោះដឹកអ្នកដំណើ C919 ររបស់ខ្លួន នឹងអាចប្រកួតប្រជែងជាមួយ យន្តហោះដឹកអ្នកដំណើររបស់បរទេស ជាពិសេសយន្តហោះម៉ូដែល 737 MAX របស់ក្រុមហ៊ុនអាមេរិក Boeing ហើយនិងម៉ូដែល A320 របស់ក្រុមហ៊ុនអឺរ៉ុប Airbus។ ខណៈវាត្រូវបានផលិតឡើងក្នុងប្រទេសចិនផ្ទាល់ក៏ដោយ ផ្នែកភាគច្រើននៃយន្តហោះ C919 គឺនាំចូលមកពីក្រៅប្រទេស។

យោងតាមសេចក្តីរាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយចិន យន្តហោះដឹកអ្នកដំណើរ C919 ដែលមាន១៦៤កៅអី និងជាប្រភេទ Narrow-Body មួយគ្រឿងដំបូង ត្រូវបានប្រគល់ជាផ្លូវការឱ្យទៅ ក្រុមហ៊ុនអាកាសចរណ៍ចិន China Eastern Airlines កំលុងពិធីមួយដែលរៀបចំឡើង នៅអាកាសយានដ្ឋានក្នុងទីក្រុងសៀងហៃ។ ក្រុមហ៊ុនផលិតយន្តហោះចិន COMAC បានអះអាងកាលពីខែមុនថា ខ្លួនទើបធានាបានការបញ្ជាទិញ C919 ចំនួន៣០០គ្រឿងបន្ថែមទៀត ដែលនាំឱ្យចំនួននៃការបញ្ជាទិញសរុបកើនដល់ជាង ១,១០០គ្រឿង។

គួរបញ្ជាក់ថា កន្លងមកប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ចិន ធ្លាប់បានរាយការណ៍ថា យន្តហោះ C919 សរុប៤គ្រឿង នឹងត្រូវប្រគល់​ឱ្យអាកាសចរណ៍ China Eastern ដែលជាក្រុមហ៊ុនអាកាសចរណ៍ធំជាងគេលំដាប់ទី២ ក្នុងប្រទេសចិន បើគិតអំពីចំនួនអ្នកដំណើរ នៅមុនដំណាច់ឆ្នាំនេះ មុនពេលពួកវាចាប់ផ្តើមធ្វើប្រតិបត្តិការហោះហើរដឹកជញ្ជូនអ្នកដំណើរ នៅខ្ទង់ត្រីមាសទី១ នៃឆ្នាំ២០២៣៕