(វ៉ាស៉ីនតោន)៖ មន្រ្តីអាមេរិកចំនួនពីររូប បាននិយាយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា សហរដ្ឋអាមេរិកគ្រោងនឹងដាក់ចេញ នូវទណ្ឌកម្មថ្មី ប្រឆាំងប្រទេសរុស្ស៊ីនិងប្រទេសចិន នៅថ្ងៃសុក្រនេះ ដែលរួមមានការដាក់ទណ្ឌកម្មក្រុងមូស្គូ ចំពោះការប្រើប្រាស់យន្តហោះដ្រូនរបស់អ៊ីរ៉ង់ ក្នុងសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន ជាដើម។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៩ ខែធ្នូ ឆ្នាំ២០២២។

ផែនការនៃទណ្ឌកម្មនេះ ត្រូវបានរាយការណ៍ដំបូងឡើយដោយកាសែត Wall Street Journal។ ក្រុមមន្រ្តីបាននិយាយថា ទណ្ឌកម្មនេះនឹងកំណត់គោលដៅលើអង្គភាពប្រហែល១៧០ របស់ប្រទេសចិន ដែលទីក្រុងវ៉ាស៉ីនតោនចាត់ទុកថា បានធ្វើការនេសាទខុសច្បាប់ ក្នុងតំបន់ប៉ាស៉ីហ្វិក ចំពេលមានការព្រួយបារម្ភថា ចិនកំពុងធ្វើការនេសាទហួសកម្រិត និងប្រើប្រាស់ក្រុមទូក-ប៉ាល់នេសាទរបស់ខ្លួន ដើម្បីពង្រីកឥទ្ធិពលដែនសមុទ្រ។

សហរដ្ឋអាមេរិកបាន ក៏សម្រេចថ្កោលទោសការនាំចេញយន្តហោះដ្រូនយោធារបស់អ៊ីរ៉ង់ ទៅកាន់ប្រទេសរុស្ស៊ីសម្រាប់ប្រើប្រាស់នៅអ៊ុយក្រែន។ ទណ្ឌកម្មត្រូវគេរំពឹងថា នឹងកំណត់គោលដៅលើ អង្គភាពឧស្សាហកម្មការពារជាតិរុស្ស៊ីមួយចំនួន ដែលពាក់ព័ន្ធនឹងការផ្ទេរយន្តហោះដ្រូនអ៊ីរ៉ង់ ទៅកាន់រុស្ស៊ី។

គួរបញ្ជាក់ថា បើតាមអ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមានលោក ចន ខឺប៊ី ថ្មីៗនេះ សហរដ្ឋអាមេរិកនៅតែមើលឃើញថា អ៉ីរ៉ង់បានបន្តផ្តល់យន្តហោះដ្រូនដល់ប្រទេសរុស្ស៊ី៕