(សេអ៊ូល)៖ ក្រោយប្រព្រឹត្តទៅអស់រយៈពេលប៉ុន្មានសប្តាហ៍មកនេះ ទីបំផុតក្រុមអ្នកបើករថយន្តដឹកជញ្ជូនទំនិញ នៅប្រទេសកូរ៉េខាងត្បូង បានបោះឆ្នោតដើម្បីបញ្ចប់ សកម្មភាពកូដកម្មទូទាំងប្រទេសរបស់ពួកគេ វិញហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៩ ខែធ្នូ ឆ្នាំ២០២២។

សហជីពអ្នកបើករថយន្តដឹកទំនិញ Cargo Truckers Solidarity Union ដែលមានសមាជិក២៥,០០០នាក់ បានសេចក្តីថ្លែងការណ៍ថា សន្លឹកឆ្នោតភាគច្រើនត្រូវបានបោះក្នុងសំឡេងគាំទ្រ ឱ្យបិទបញ្ចប់សកម្មភាពកូដកម្មហើយត្រឡប់ចូលធ្វើការវិញ។ បើយោងតាម ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យ៉ុនហាប់ គឺ៦០ភាគរយនៃអ្នកបោះឆ្នោត បានគាំទ្រឱ្យបញ្ចប់កូដកម្ម។

ក្រសួងពាណិជ្ជកម្មកូរ៉េខាងត្បូង បានឱ្យដឹងថា សកម្មភាពកូដកម្មនៅទូទាំងប្រទេស របស់ក្រុមអ្នកបើករថយន្តដឹកជញ្ជូនទំនិញ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី២៤ បានបង្កភាពរាំងស្ទះដល់ការផ្គង់ផ្គង់ទំនិញ ដែលគិតជាទឹកប្រាក់សរុបប្រហែលស្មើនឹងខ្ទង់ ៣.៥ទ្រីលានវ៉ុន (២.៦៥ពាន់លានដុល្លារ) សម្រាប់រយៈពេល១២ថ្ងៃដំបូង។ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល បានថ្កោលទោសកូដកម្មនេះថា ជាទង្វើដ៏គ្រោះថ្នាក់ចំពោះសេដ្ឋកិច្ចជាតិ។

គួរបញ្ជាក់ថា ក្រុមអ្នកបើករថយន្តដឹកជញ្ជូនទំនិញកូរ៉េខាងត្បូង បានធ្វើកូដកម្មយ៉ាងដូច្នោះ ក្រោមគោលបំណងទាមទារឱ្យរដ្ឋាភិបាល រក្សាទុកកម្មវិធីធានាការពារប្រាក់ឈ្នួលអប្បរមាមួយជាអចិន្រ្តៃយ៍ ហើយពង្រីកវិសាលភាពវាឱ្យទូលំទូលាយជាងមុន។ ប៉ុន្តែខណៈដែល ខាងរដ្ឋាភិបាលបានបង្កើនសម្ពាធកាន់តែខ្លាំង អ្នកបើករថយន្តកាន់តែច្រើនឡើង បាននាំគ្នាត្រឡប់ចូលធ្វើការវិញ ដោយសារ​ព្រួយបារម្ភអំពី លទ្ធភាពបាត់បង់ប្រាក់ចំណូលនិងការងារ៕