(តូក្យូ)៖ នៅថ្ងៃសុក្រនេះ ជប៉ុន ចក្រភពអង់គ្លេស ហើយនិងអ៉ីតាលី បានប្រកាសពីភាពជាដៃគូពិសេសមួយ ដែលនឹងមើលឃើញ​ប្រទេសទាំង៣ អភិវឌ្ឍយន្តហោះចម្បាំងជំនាន់ថ្មីរួមគ្នា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៩ ខែធ្នូ ឆ្នាំ២០២២។

កិច្ចព្រមព្រៀងខាងលើមានគោលដៅសម្រេចឱ្យបាន យន្តហោះចម្បាំងថ្មីមួយដែលអាចចាប់ផ្តើមធ្វើប្រតិបត្តិការ នៅឆ្នាំ២០៣៥ តាមរយៈការច្របាច់បញ្ចូលគ្នា នូវគម្រោងអភិវឌ្ឍយន្តហោះចម្បាំង Tempest របស់អង់គ្លេស ហើយនិងគម្រោង F-X របស់ជប៉ុន ឱ្យទៅជាគម្រោងរួមគ្នាហៅថា Global Combat Air Programme ហៅកាត់ GCAP។

ក្រុមហ៊ុន BAE Systems របស់អង់គ្លេស ក្រុមហ៊ុន Mitshubishi Heavy Industries របស់ជប៉ុន ព្រមទាំងក្រុមហ៊ុន Leonardo របស់អ៉ីតាលី នឹងដឹកនាំការរចនាយន្តហោះចម្បាំងខាងលើ ដែលនឹងមានបំពាក់សមត្ថភាពបច្ចេកវិទ្យាឌីជីថលយ៉ាងជឿន នៅក្នុងផ្នែក AI និង cyber warfare។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនផលិតមីស៉ីលរបស់អឺរ៉ុប MBDA និងក្រុមហ៊ុនឧបករណ៍អេឡិចត្រូនិច Mitsubishi Electric Corp ក៏នឹងចូលរួមគម្រោងនេះ​ផងដែរ ខណៈក្រុមហ៊ុន៣ផ្សេងទៀត គឺ Rolls-Royce PLC, IHI Corp រួមទាំង Avio Aero នឹងធ្វើការពាក់ព័ន្ធម៉ាស៉ីនយន្តហោះ។

គួរបញ្ជាក់ថា សម្រាប់ទីក្រុងតូក្យូនិងទីក្រុងឡុងដ៍ គម្រោងខាងលើតំណាងឱ្យសមិទ្ធផលចុងក្រោយ នៃការរឹតបន្តឹងទំនាក់ទំនងការពារជាតិ កាន់តែជិតស្និទ្ធឡើងរវាងភាគីទាំងពីរ ខណៈការបង្កើនចំណងទាក់ទងនេះ ផ្តល់ឱកាសឱ្យចក្រភពអង់គ្លេស នូវតួនាទីផ្នែក​សន្តិសុខដ៏ធំមួយ ក្នុងតំបន់អាស៉ី ហើយទន្ទឹមគ្នាវាផ្តល់ឱ្យជប៉ុននូវដៃគូផ្នែកសន្តិសុខដ៏សំខាន់ថ្មីមួយ ដែលអាចជួយខ្លួនទប់ទល់នឹងការរីកធំឡើង នៃអានុភាពយោធារបស់ប្រទេសចិន ដែលនៅក្បែរខាង៕