(ប៉េកាំង)៖ ការរីករាលដាលនៃជំងឺកូវីដ ១៩ នៅទូទាំងពិភពលោកបានអូសបន្លាយអស់រយៈពេលជិត ៣ ឆ្នាំហើយ ខណៈពេលបណ្តាប្រទេសនានានាំគ្នាប្រកាសបញ្ចប់ ការរីករាលដាលនៃជំងឺឆ្លងព្រមទាំងចាត់វិធានការអសកម្ម ក្នុងការឆ្លើយតបនឹងជំងឺឆ្លង រដ្ឋាភិបាលចិននៅតែប្រកាន់ខ្ជាប់ ការតម្កល់ទុកប្រជាជនជាអាទិភាព តម្កល់ទុកអាយុជីវិតជាចម្បង ក៏ដូចជាប្រកាន់ខ្ជាប់ការបង្ការនិងគ្រប់គ្រងជំងឺឆ្លង។

នាពេលថ្មីៗកន្លងទៅនេះ លោក John Ross សេដ្ឋវិទូអង់គ្លេសបានថ្លែង ក្នុងពេលផ្តល់បទសម្ភាសន៍ជាមួយប្រព័ន្ធសារព័ត៌មានថា អ្វីដែលហៅថា ការរីករាលដាលនៃជំងឺឆ្លងនៅលោកខាងលិចបានបញ្ចប់ គឺជារឿងមិនពិតនិងគួរឱ្យអស់សំណើច បច្ចុប្បន្ននេះ គឺជាគ្រាដែលសេដ្ឋកិច្ចពិភពលោកមានភាពអាក្រក់បំផុតក្នុងរយៈពេល ៤០ ឆ្នាំកន្លងមក រីឯសេដ្ឋកិច្ចចិនបានល្អជាងអាមេរិក និងអឺរ៉ុបយ៉ាងច្រើន។

លោក John Ross បានលើកឡើងថា ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ សេដ្ឋកិច្ចចិនបានកើនឡើង ១៤,៣ ភាគរយ គិតជាមធ្យមក្នុងមួយឆ្នាំៗបានកើនឡើង ៤,៥ ភាគរយ ចំណែកសេដ្ឋកិច្ចអាមេរិកវិញបានកើនឡើង ៤,៧ ភាគរយ ប្រហែលកើនឡើង ១,៥ ភាគរយក្នុងមួយឆ្នាំៗ។ ពិតមែនតែកំណើនខាងសេដ្ឋកិច្ចចិន បានបង្អង់ល្បឿនបន្តិចក៏ដោយ ក៏ប៉ុន្តែវានៅតែជា ៣ ដងនៃកំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកដដែល។ តំបន់អឺរ៉ុបបានកើនឡើង ២,៨ ភាគរយក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ ហើយកំណើនសេដ្ឋកិច្ចរបស់ចិនគឺត្រូវជា ៥ ដងនៃសេដ្ឋកិច្ចតំបន់អឺរ៉ុប។

លោក John Ross បានសម្គាល់ឃើញថា ការធ្លាក់ចុះនៃសេដ្ឋកិច្ចមិនមែនបណ្តាលមកពី ការបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩នោះទេ មូលហេតុពីឬសគល់គឺដោយមកពី គោលនយោបាយសេដ្ឋកិច្ចរបស់អាមេរិក។ ការវិភាគមួយចំនួនដែលថា ដោយសារប្រទេសចិន បានជួយសង្រ្គោះអាយុជីវិតរបស់មនុស្សរាប់លាននាក់ ដែលបណ្តាលឱ្យដំណើរការសេដ្ឋកិច្ចមិនល្អ វាច្បាស់ណាស់ថា នេះគឺខុសឆ្គង ។
លោក John Ross បានលើកឡើងទៀតថា ជាបឋម ប្រជាជនចិនគួរថ្លែងអំណរគុណចំពោះ រដ្ឋាភិបាលដែលបានចាត់វិធានការយ៉ាងសកម្ម ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង បន្ទាប់មក ពួកគេក៏គួរយល់ដឹងថា រដ្ឋាភិបាលចិនក៏បានទទួលជោគជ័យក្នុង ការអនុវត្តគោលនយោបាយសេដ្ឋកិច្ចផងដែរ។ ប្រាកដណាស់ កំណើនខាងសេដ្ឋកិច្ចចិនបានបង្អង់ល្បឿនបន្តិច ប៉ុន្តែមូលហេតុសំខាន់មិនមែន ដោយសារការរីករាលដាលនៃជំងឺឆ្លងនោះទេ។ កត្តាដ៏សំខាន់បំផុតគឺសេដ្ឋកិច្ចពិភពលោក កំពុងស្ថិតក្នុងសភាពដ៏អាក្រក់ណាស់ ក្នុងបរិបទបែបនេះ អាចនិយាយបានថា សមិទ្ធផលដែលប្រទេសចិនទទួលបានលើ វិស័យសេដ្ឋកិច្ចនៅតែគួរឱ្យកត់សម្គាល់ដដែល៕

វិទ្យុមិត្តភាពកម្ពុជាចិន