(កៀវ)៖ ក្រុមមន្រ្តីអ៊ុយក្រែនបាននិយាយថា កងកម្លាំងរុស្ស៉ីបានបាញ់ផ្លោងមកលើខ្សែបន្ទាត់ជួរមុខ នៅសមរភូមិតំបន់ដូណេត (Donetsk) ភាគខាងកើតប្រទេស នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដែលវាហាក់បីដូចជាធ្វើឡើងតាមគោលដៅពង្រីកតំបន់ដណ្តើមកាន់កាប់ របស់វិមានក្រឹមឡាំង។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៩ ខែធ្នូ ឆ្នាំ២០២២។

ថ្លែងតាមទូរទស្សន៍ អភិបាលតំបន់ដូណេត លោក ប៉ាវឡូ គីរីលេនកូ (Pavlo Kyrylenko) បាននិយាយថា ការប្រយុទ្ធគ្នាដ៏ខ្លាំងក្លាបំផុត គឺនៅជិតទីប្រជុំជនទីក្រុងបាកមុត (Bakhmut) និងទីក្រុងអាវឌីវកា (Avdiivka)។ កាំភ្លើងធំបានវាយប្រហារទីក្រុងតូរ៉េស្ក៍ (Toretsk) ភាគនិរតីនៃទីក្រុងបាកមុត សម្លាប់ជនស៊ីវិលម្នាក់ និងខូចខាតអគារចំនួន ១២កន្លែង។ សមរភូមិមុខទាំងមូលកំពុងរងនូវការបាញ់ផ្លោង ហើយកងទ័ពរុស្ស៊ីក៏កំពុងព្យាយាមឆ្ពោះទៅក្បែរទីក្រុងលីម៉ាន់ (Lyman) ដែលកងកម្លាំងអ៊ុយក្រែនដណ្តើមបានមកវិញ នៅក្នុងខែវិច្ឆិកា។

អភិបាលតំបន់ខាកៀវ លោក អូឡេហ៍ ស៉ីនីហ៊ូបូវ (Oleh Synehubov) បានឲ្យដឹងតាមរយៈបណ្តាញតេឡេក្រាមថា កាំភ្លើងធំរបស់រុស្ស៊ីបានវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល នៅក្នុងទីក្រុងគូប៉ែនស្ក៍ (Kupiansk) និងទីក្រុងហ្សូឡូឆេវ (Zolochiv) ភាគឦសានតំបន់ខាកៀវ រួមទាំងទីក្រុងអូឆាកៀវ (Ochakiv) នៃតំបន់ម៉ាយកូលេវ (Mykolaiv)។

គួរបញ្ជាក់ថា វិមានក្រឹមឡាំងនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានប្រកាសកំណត់គោលដៅលើទឹកដីភាគច្រើន នៅឯភាគខាងកើត និងខាងត្បូងអ៊ុយក្រែន ជាកន្លែងដែលទីក្រុងមូស្គូប្រកាសថាជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ប៉ុន្តែហាក់ដូចជាបោះបង់ចោលការដណ្តើមយកទឹកដីផ្សេងទៀតនៅភាគខាងលិច និងភាគឦសាន ដែលអ៊ុយក្រែនដណ្តើមបានមកវិញ៕