(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្ល៊ីនខិន (Antony Blinken) បានបង្ហាញក្ដីសង្ឃឹមថាសហរដ្ឋអាមេរិកអាចនឹងបានហៅប្រទេស ស៊ុយអែត និងហ្វាំងឡង់ថាជាសម្ព័ន្ធមិត្ត NATO ក្នុងពេលឆាប់ៗនេះ ខណៈកង្វល់របស់តួកគីពាក់ព័ន្ធនឹងការចូលរួមរបស់ប្រទេសទាំង២ ក្នុងបក្សសម័ន្ធយោធា មួយនេះកំពុងត្រូវបានដោះស្រាយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៩ ខែធ្នូ ឆ្នាំ២០២២។

លោក ប្ល៊ីនខិន ធ្វើការកត់សម្គាល់ខាងលើ នៅឯសន្និសីទសារព័ត៌មានខ្លីមួយ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បន្ទាប់ពីបានជួបពិភាក្សាការងារជាមួយសមភាគី ស៊ុយអែត និងហ្វាំងឡង់របស់លោក នៅក្រសួងការបរទេសអាមេរិក។ ​លោក ប៊ី្លនខិន បានគូសបញ្ជាក់ដូច្នេះថា «វាមិនមែនជាបញ្ហានៃទំនាក់ទំនងទ្វេភាគីរវាង សហរដ្ឋអាមេរិក និងតួកគីនោះទេ...ស៊ុយអែត និងហ្វាំងឡង់ សម្រេចបានភាពជឿនលឿនទៅមុខគួរឱ្យកត់សម្គាល់ក្នុងការធ្វើការជាមួយតួកគី ដើម្បីដោះស្រាយក្ដីកង្វល់ ហើយវិធានការចម្បងៗមួយចំនួនត្រូវបានអនុវត្ត។ ដូច្នេះខ្ញុំរំពឹងថាប្រទេសទាំង២ អាចនឹងក្លាយជាសមាជិកផ្លូវការឆាប់ៗនេះ»

គួរបញ្ជាក់ថា ស៊ុយអែត និងហ្វាំងឡង់ បានស្នើសុំចូលជាសមាជិកបក្សសម្ព័ន្ធយោធា NATO នៅក្នុងឆ្នាំ២០២២នេះ ស្របពេលរុស្ស៉ីកំពុងឈ្លានពានអ៊ុយក្រែន ប៉ុន្តែតួកគី បានជំទាស់អនុម័តលើសំណើរបស់ប្រទេសទាំង២ រហូតទាល់តែលក្ខខណ្ឌទាមទារមួយចំនួនរបស់ទីក្រុងអង់ការ៉ា ត្រូវបានបំពេញ ក្នុងនោះរួមមាន ទាំងការប្រកាន់ជំហរម៉ឺងម៉ាត់ចំពោះក្រុមសកម្មប្រយុទ្ធឃើដ និងការលុបចោលបម្រាមលក់អាវុធរបស់ប្រទេសទាំង២ លើតួកគី៕