(ឌូបៃ)៖ ប្រធានាធិបតីអេមីរ៉ាតអារ៉ាប់រួម និងព្រះអង្គម្ចាស់រជ្ជទាយាទអារ៉ាប៊ីសាអូឌីត មហំាម៉ាត់ ប៊ីន សាល់ម៉ាន បានដឹកនាំកិច្ចសម្របសម្រួលនាំឱ្យមាន ការដោះលែងតារាបាល់បោះអាមេរិក នាង ប្រ៊ីតនី គ្រីន័រ (Brittney Griner) ក្រោមលក្ខខណ្ឌដោះដូរអ្នកទោសជាមួយរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៩ ខែធ្នូ ឆ្នាំ២០២២។

ប្រ៊ីតនី គ្រីន័រ បានធ្វើដំណើរទៅដល់ទីក្រុងអាប៊ូ ដាប៊ី នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម តាមយន្ដហោះឯកជនចាកចេញពីទីក្រុងមូស្គូ បន្ទាប់ពីត្រូវបានអាជ្ញាធររុស្ស៉ី ដោះលែងជាថ្នូរនឹងការដោះដូរជាមួយអ្នកទោសរុស្ស៉ីឈ្មោះ វ៉ីចទ័រ ប៊ូត (Viktor Bout) ជាអតីតអ្នកជួញដូរអាវុធម្នាក់ដែលបានជិះយន្ដហោះឯកជនចាកចេញពី ទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះដូចគ្នា ក្រោយត្រូវបានដោះលែងដោយអាជ្ញាធរអាមេរិក។

នៅក្នុងសេចក្ដីថ្លែងការណ៍រួមមួយរបស់អេមីរ៉ាតអារ៉ាប់រួម និងអារ៉ាប៊ីសាអូឌីត បានបញ្ជាក់ថាការដោះដូរអ្នកទោសខាងលើ គឺជាជោគជ័យនៃកិច្ចសម្របសម្រួល ដែលឆ្លុះបញ្ចាំងពីទំនាក់ទំនងរឹងមាំរវាងប្រទេសទាំង២ ជាមួយសហរដ្ឋអាមេរិក និងជាមួយរុស្ស៉ី ព្រមទាំងបង្ហាញផងដែរពីតួនាទីដ៏សំខាន់នៃភាពជាអ្នកដឹកនាំ របស់ប្រទេសជាបងប្អូនទាំាង២ ក្នុងការលើកកម្ពស់កិច្ចសន្ទនារវាងគ្រប់ភាគីទាំងអស់។

គួរបញ្ជាក់ថា កាលពីខែកញ្ញាកន្លងទៅ អារ៉ាប៊ីសាអូឌីត ក៏បានដើរតួនាទីសម្របសម្រួលនាំឱ្យមានការដោះលែងក្រុមអ្នកប្រយុទ្ធបរទេសដែលត្រូវបានទាហាន រុស្ស៉ីចាប់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន ផងដែរ៕