(មូស្គូ)៖ វិមានក្រឹមឡាំង នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បាននិយាយថាការសម្រេចចិត្តតែងតាំងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ជាបុគ្គលប្រចាំឆ្នាំ២០២២ ឬ Person of the Year ដោយទស្សនាវដ្ដីអាមេរិក Time គឺជាការឆ្លុះបញ្ចាំងពីគំនិតស្អប់រុស្ស៉ីនៅក្នុងបណ្ដាប្រទេសលោកខាងលិច។ នេះ បើតាមការដកស្រង់ចេញផ្សាយពីទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៩ ខែធ្នូ ឆ្នាំ២០២២។

ប្រតិកម្មរបស់វិមានក្រឹមឡាំង កើតមានឡើងបន្ទាប់ពីទស្សនាវដ្ដី Time បានជ្រើសរើសលោក ហ្សេលេនស្គី ជា «បុគ្គលប្រចាំឆ្នាំ» កាលពីថ្ងៃពុធសប្ដាហ៍នេះ ហើយនៅថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីអ៊ុយក្រែនរូបនេះក៏ត្រូវបានតែងតាំងជា «បុគ្គលមានឥទ្ធិពលខ្លាំងបំផុត» នៅក្នុងតំបន់អឺរ៉ុប ដោយសារព័ត៌មាន Politico ផងដែរ។ ទស្សនាវដ្ដី Time បានអះអាងថាការជ្រើសរើសរបស់ខ្លួន គឺធ្វើឡើងតាមស្ថានភាពជាក់ស្ដែងជាការសាទរដល់ភាពក្លាហានរបស់លោក ហ្សេលេនស្គី ដែលមិនបានចាកចេញពីទីក្រុងកៀវ ហើយតស៊ូដឹកនាំប្រទេស ប្រយុទ្ធតតាំងនឹងការឈ្លានពានពីសំណាក់រុស្ស៉ី។

ក៏ប៉ុន្តែ នៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ បាននិយាយថាការសម្រេចចិត្តជ្រើសរើសលោក ហ្សេលេនស្គី ជាបុគ្គលប្រចាំឆ្នាំធ្វើឡើងតែនៅក្នុងចង្កោមបណ្ដាសារព័ត៌មានលោកខាងលិចប៉ុណ្ណោះ និងឆ្លុះបញ្ចាំងពីគំនិតប្រឆាំង និងស្អប់រុស្ស៉ី។

គួរបញ្ជាក់ថា ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ក៏ធ្លាប់ត្រូវបានទស្សនាវដី្ដ Time ជ្រើសរើសជា «បុគ្គលប្រចាំឆ្នាំ» ផងដែរកាលពីឆ្នាំ២០០៧៕

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ