(តេហេរ៉ង់)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ប្រទេសអ៊ីរ៉ង់បានអនុវត្តការប្រហារជីវិតករណីដំបូងគេ លើអ្នកទោសដែលត្រូវបានចាប់ខ្លួនក្នុងអំឡុងពេលបាតុកម្មតវ៉ាជាច្រើនខែ ដែលបានធ្វើឲ្យកក្រើកប្រទេស ចាប់តាំងពីប៉ូលីសត្រូវបានចោទប្រកាន់ថា បានសម្លាប់កញ្ញា Mahsa Amini អាយុ ២២ឆ្នាំមក។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី០៨ ខែធ្នូ ឆ្នាំ២០២២។
អ្នកទោសដែលត្រូវបានគេកំណត់អត្តសញ្ញាណថា មានឈ្មោះ Mohsen Shekari ដោយគេហទំព័រព័ត៌មានតុលាការ ត្រូវបានចោទប្រកាន់ថា បានវាយប្រហារឆ្មាំប៉ារ៉ាដោយកាំបិត «បណ្តាលឱ្យមានស្នាមដេរចំនួន១៣ថ្នេ» និងរំខានដល់សណ្តាប់ធ្នាប់សាធារណៈ ដោយការបិទផ្លូវនៅក្នុងប្រទេសអ៊ីរ៉ង់។
ការប្រហារជីវិតនេះ គឺជាការកើនឡើងគួរឱ្យកត់សម្គាល់នៅក្នុងការបង្រ្កាបដ៏បង្ហូរឈាម របស់អាជ្ញាធរលើចលនាតវ៉ាដែលបានចាប់ផ្តើមនៅ ក្នុងខែកញ្ញា ក្នុងការឆ្លើយតបទៅនឹងការស្លាប់របស់ កញ្ញា Amini ខណៈពេលដែលស្ថិតក្នុងការឃុំឃាំងរបស់ប៉ូលីសសីលធម៌របស់ប្រទេសអ៊ីរ៉ង់។
ក្រុមសិទ្ធិមនុស្សប៉ាន់ប្រមាណថា អាចនឹងមានមនុស្សរាប់សិបនាក់ទៀតត្រូវបានកាត់ទោសប្រហារជីវិតពីបទឧក្រិដ្ឋ ដែលពួកគេចោទប្រកាន់ថាបានប្រព្រឹត្តក្នុងអំឡុងពេលបាតុកម្ម៕