(បាងកក)៖ អាជ្ញាធរថៃបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ទាហានថៃបានប៉ះទង្គិចគ្នាជាមួយជនសង្ស័យរត់ពន្ធគ្រឿងញៀន នៅក្នុងតំបន់ព្រៃមួយនៅភាគខាងជើងក្បែរព្រំដែនមីយ៉ាន់ម៉ា ដោយបានសម្លាប់មនុស្ស ១៥នាក់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី០៨ ខែធ្នូ ឆ្នាំ២០២២។
ទាហានថៃបានជួបក្រុមជនសង្ស័យ ដែលកាន់កាបូបស្ពាយកាលពីល្ងាចថ្ងៃពុធ ហើយបានបញ្ជាឱ្យឈប់ ប៉ុន្តែពួកគេមិនព្រមឈប់ទេ ថែមទាំំងបានបើកប្រតិបត្តិការប្រយុទ្ធជាមួយអាជ្ញាធរទៀតផង។ នេះបើយោងតាអង្គភាពយោធាទទួលបន្ទុកសន្តិសុខនៅខេត្ត ជាប់ព្រំដែនភាគខាងជើងប្រទេសថៃ។
ទីភ្នាក់ងារនេះបាននិយាយថា ការប្រយុទ្ធគ្នាដោយកាំភ្លើងរយៈពេល ១០នាទីបានផ្ទុះឡើង។ អាជ្ញាធរបាននិយាយថា មិនមានទាហានណាម្នាក់រងរបួសនោះទេ ប៉ុន្តែនៅព្រឹកថ្ងៃព្រហស្បតិ៍ នៅពេលដែលយោធាត្រឡប់ទៅត្រួតពិនិត្យទីតាំងក្នុងស្រុក Phang ខេត្ត Chiang Mai ពួកគេបានរកឃើញអ្នករត់ពន្ធចំនួន ១៥នាក់បានស្លាប់ និងកាបូបស្ពាយចំនួន២៩ ដាក់ពេញដោយថ្នាំញៀនប្រភេទមេតំហ្វេតាមីន។
ការស៊ើបអង្កេតកំពុងដំណើរការនៅឡើយទេថា តើជនសង្ស័យបាននាំយកថ្នាំញៀនប្រភេទមេតំហ្វេតាមីនពីប្រទេសមីយ៉ាន់ម៉ាឬយ៉ាងណា។ វាជាផ្លូវរត់ពន្ធគ្រឿងញៀនជារើយៗ ចូលមកប្រទេសថៃ។ ចំពោះចំនួនពិតប្រាកដនៃថ្នាំញៀន ដែលរឹបអូសបានក៏មិនទាន់អាចដឹងបានភ្លាមៗដែរ៕