(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា អ៊ុយក្រែនមិនអាចស្តារឡើងវិញបានពេញលេញ នូវហេដ្ឋារចនាសម្ព័ន្ធថាមពលដែលរងការវាយប្រហារ ដោយរុស្ស៉ីនោះទេ និងបានជំរុញដល់ប្រជាជនខ្លួនឯងឲ្យទប់ទល់នឹងស្ថានភាពនេះ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរុស្ស៉ី RT នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែធ្នូ ឆ្នាំ២០២២។

តាមរយៈសារជាវីដេអូ លោក ហ្សេលេស្គី បានគូសបញ្ជាក់ថា «ប្រជាជនអ៊ុយក្រែនមិនគួរភ្លេចខ្លួនឡើយថា ឥឡូវនេះការស្តារហេដ្ឋារចនាសម្ព័ន្ធថាមពលឡើងវិញបាន១០០% ឲ្យដូចមុនពេលរុស្ស៉ីបើកការវាយប្រហារនោះ គឺវាមិនអាចទៅរួចឡើយ»។ លោក ហ្សេលេនស្គី បានបន្ថែមថា «យើងត្រូវការពេល ហើយនេះជាមូលហេតុដែលការបិទចរន្តអគ្គិសនី នៅតែមានក្នុងទីក្រុង និងតំបន់ភាគច្រើនរបស់អ៊ុយក្រែន»

គួរបញ្ជាក់ថា យោធារុស្ស៉ី បានកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែន ចាប់តាំងពីខែតុលា ប៉ុន្មានថ្ងៃបន្ទាប់ពីមានការវាយប្រហារលើស្ពាននៃតំបន់គ្រីមៀ ដែលរុស្ស៉ីបានស្តីបន្ទោសសកម្មភាពនេះទៅលើចារកម្មយោធាអ៊ុយក្រែន៕