(មូស្គូ)៖ ដោយផ្អែកលើសម្តីរបស់មន្រ្តីជាន់ខ្ពស់អ៊ុយក្រែនម្នាក់ កាលពីថ្ងៃពុធសប្តាហ៍នេះ ប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែន Interfax-Ukraine បានរាយការណ៍ថា កងកម្លាំងរបស់រុស្ស៉ីបានបាញ់មីស៉ីល និងរ៉ុក្កែតសរុបលើសពី១,០០០គ្រាប់ មកលើបណ្តាញថាមពលអគ្គិសនីរបស់​អ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែធ្នូ ឆ្នាំ២០២២។

លោក វ៉ូឡូឌីមៀ គូឌ្រីតស្គី (Volodymyr Kudrytsky) អគ្គនាយកក្រុមហ៊ុន យ៊ូក្រេណឺហ្កូ (Ukrenergo) ដែលជាប្រតិបត្តិករបណ្តាញថាមពលអគ្គិសនី នៅអ៊ុយក្រែន បាននិយាយប្រាប់ដូចខាងលើ ក្នុងកំលុងកិច្ចប្រជុំមួយដែលរៀបចំឡើងដោយ ធនាគារអឺរ៉ុបសម្រាប់ការអភិវឌ្ឍនិងការស្ថាបនាឡើងវិញ (EBRD)។ លោក គូឌ្រីតស្គី បានបន្ថែមថា ក្រុមមន្រ្តីរបស់លោកកំពុងស្វះស្វែងរក បរិក្ខារសំខាន់ៗនៅជុំវិញពិភពលោក ដែលចាំបាច់សម្រាប់ការជួសជុល។

បើតាមលោក គូឌ្រីតស្គី ការបាញ់ស្រោចមីស៉ីល និងគ្រាប់រ៉ុក្កែត៨លើកចុងក្រោយរបស់រុស្ស៉ី ទៅលើហេដ្ឋារចនាសម្ពន្ធសំខាន់ៗ បានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរ ចំពោះបណ្តាញថាមពល និងបាននាំឱ្យមានការដាច់និងផ្តាច់ចរន្តអគ្គិសនីនៅពាសពេញប្រទេស ប៉ុន្តែប្រព័ន្ធបណ្តាញថាមពល នៅអាចដំណើរការបាន។

គួរបញ្ជាក់ថា បច្ចុប្បន្នអ៊ុយក្រែនកំពុងប្រឈមនឹង បញ្ហាខ្វះខាតខ្លាំងនូវសមត្ថភាពផលិតថាមពល បើទោះបីជាការប្រើប្រាស់បានថយចុះ ក្នុងអត្រា២៥-៣០ភាគរយ ធៀបនឹងកាលពីពេលមុនមានសង្រ្គាមក៏ដោយ។ កាលពីសប្តាហ៍មុន ក្រុមហ៊ុន Ukrenergo បានប្រាប់ថា ខ្លួនធានាបានកម្ចីទំហំ៣០០លានអឺរ៉ូ (៣១៥លានដុល្លារ) ពីធនាគារ EBRD ដើម្បីស្តារហេដ្ឋារចនាសម្ពន្ធថាមពើល ដែលបានរង​ការបំផ្លិចបំផ្លាញ ក្នុងការវាយប្រហាររបស់រុស្ស៉ី និងដើម្បីធ្វើឱ្យប្រសើរឡើងនូវស្ថិរភាពផ្នែកហិរញ្ញវត្ថុ៕