(ឡុងដ៍)៖ នាយករដ្ឋមន្រ្តីអង់គ្លេស លោក រីស៉ី ស៊ូណាក់ (Rishi Sunak) បាននិយាយថា លោកកំពុងរៀបចំឱ្យមានចំណាត់ការតឹងរ៉ឹងថ្មីៗបន្ថែមទៀត ដើម្បីការពារប្រជាជនពីបញ្ហារំខានដែលបង្កឡើង ដោយសកម្មភាពកូដកម្ម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែធ្នូ ឆ្នាំ២០២២។
ថ្លែងនៅចំពោះមុខសភាកាលពីថ្ងៃពុធសប្តាហ៍នេះ លោកនាយករដ្ឋមន្រ្តីចក្រភពអង់គ្លេស បាននិយាយដូច្នេះថា «ប្រសិនបើក្រុមមេដឹកនាំសហជីព នៅតែបន្តមិនយល់ហេតុផលគ្នាទៀតនោះ វាគឺជាភារកិច្ចរបស់ខ្ញុំដើម្បីធ្វើសកម្មភាព ដែលសំដៅការពារអាយុជីវិត និងការរស់នៅរបស់សាធារណជន នៃចក្រភពអង់គ្លេស»។
ដោយឡែក ក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មាន BBC នៅពេលគេចោទសួរថាតើ រូបលោកនឹងពិចារណាហាមឃាត់តែម្តង លើសកម្មភាពកូដកម្មចំពោះសេវាកម្មសំខាន់ៗនានា ឬយ៉ាងណា លោក ស៊ូណាក់ បានឆ្លើយតបថា «អាទិភាពចម្បងរបស់ខ្ញុំគឺធានាឱ្យបានថា ខ្ញុំអាចរក្សាសុវត្ថិភាពជូនប្រជាជន ព្រមទាំងអាចបន្ថយការប៉ះពាល់ឱ្យស្ថិតក្នុងកម្រិតអប្បរមា ទៅលើការរស់នៅរបស់ពួកគេ ដូច្នេះហើយខ្ញុំនឹងធ្វើអ្វីគ្រប់យ៉ាង ដែលចាំបាច់សម្រាប់ធ្វើយ៉ាងដូច្នោះ»។
គួរបញ្ជាក់ថា មួយរយៈចុងក្រោយនេះ ចក្រភពអង់គ្លេសបានឆ្លងកាត់សកម្មភាពតវ៉ាមួយចំនួន រួចស្រេចពីសំណាក់បុគ្គលិកនៃវិស័យជាច្រើន ហើយឥឡូវកំពុងប្រឈមការត្រៀមធ្វើកូដកម្ម ដោយអ្នកបម្រើការនៅផ្នែកសុខាភិបាល ផ្លូវដែក និងប្រៃសណីយ៍ថែមទៀត ដែលគ្រោងនាំគ្នាដើរចេញពីការងារក្នុងខែធ្នូនេះ ជុំវិញបញ្ហាទាមទារប្រាក់ឈ្នួលនិងលក្ខខណ្ឌការងារ។ ខាងរដ្ឋាភិបាលអង់គ្លេស ធ្លាប់បានអះអាងជាច្រើនលើកហើយថា ខ្លួនមិនអាចផ្តល់ការដំឡើងប្រាក់ឈ្នួល ពាក់ព័ន្ធនឹងវិបត្តិអតិផរណាឡើយ ដ្បិតវានឹងជំរុញឱ្យតម្លៃកើនឡើងកាន់តែខ្ពស់៕