(សេអ៊ូល)៖ រដ្ឋាភិបាលកូរ៉េខាងត្បូង បានចេញបញ្ជាឲ្យនាំយកកម្មករដឹកទំនិញនៃក្រុមហ៊ុនឧស្សាហកម្មដែក និងគីមីឥន្ធនៈ ឲ្យត្រលប់ទៅធ្វើការវិញនៅថ្ងៃព្រហស្បតិ៍នេះ ក្រោមច្បាប់ស្តីពីការដឹកជញ្ជូន ខណៈកូដកម្មរយៈពេលច្រើនសប្តាហ៍បានរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ទូទាំងប្រទេស។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែធ្នូ ឆ្នាំ២០២២។

ថ្លែងពេលសុន្ទរកថាបើកកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកូរ៉េខាងត្បូង តាមកញ្ចក់ទូរទស្សន៍ នាយករដ្ឋមន្ត្រី លោក ហាន ដុកស៊ូ (Han Duck-soo) បានប្រាប់សមាជិកឲ្យដាក់ចេញនូវបទបញ្ជា ហើយ «ចាប់ផ្តើមការងារនេះ»។ លោក ហាន បានគូសបញ្ជាក់ថា «រដ្ឋាភិបាលនៅតែប្រកាន់ខ្ជាប់នូវច្បាប់។ យើងត្រូវតែបំបែកនូវទម្លាប់ដែលរៀបចំដោយអយុត្តិធម៌បែបនេះ»

មន្រ្តីជាន់ខ្ពស់នៃក្រុមសហជីព បាននិយាយថា គ្មានកិច្ចប្រជុំចរចាបន្ថែមទៀតត្រូវបានគ្រោងទុកទេ។ រីឯក្រុមអ្នកដឹកទំនិញខ្លះ អះអាងថាបានបាត់បង់ប្រាក់ចំណូលអំឡុងពេលធ្វើកូដកម្ម ហើយកំពុងប្រឈមនឹងការលំបាកថែមទៀតក្នុងការថែរក្សាការងាររបស់ខ្លួន។

គួរបញ្ជាក់ថា តាមទិន្នន័យរបស់រដ្ឋាភិបាល កូដកម្មលើកទីពីរក្នុងរយៈពេលតិចជាង៦ខែ បានរារាំងការផ្គត់ផ្គង់ទំនិញពីរាប់ចាប់តាំងពីឧស្សហកម្មរថយន្ត រហូតដល់ឥន្ធនៈ ខាតបង់ប្រាក់ចំនួន ៣.៥ពាន់ពាន់លានវ៉ុន ឬស្មើនឹង ២.៦៦ពាន់លានដុល្លារ ក្នុងរយៈពេល ១២ថ្ងៃដំបូងនៃការធ្វើកូដកម្ម៕