(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានផ្ដើមបំពេញដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃរបស់លោក ទៅកាន់អារ៉ាប៊ីសាអូឌីត ដើម្បីជួបពិភាក្សាការងារជាមួយ ព្រះមហាក្សត្រ សាល់ម៉ាន និងព្រះអង្គម្ចាស់រជ្ជទាយាទ មហាំម៉ាត់ ប៊ីន សាល់ម៉ាន ក្នុងគោលបំណងពង្រឹងទំនាក់ទំនងរវាងប្រទេសទាំង២ឱ្យកាន់ស៊ីជម្រៅ។ ដំណើរទស្សនកិច្ចរបស់លោក ស៊ី ជិនពីង នៅថ្ងៃពុធ ទី៧ ខែធ្នូនេះ គឺជាដំណើរទស្សនកិច្ចនៅក្រៅប្រទេសលើកទី៣របស់លោកចាប់តាំងពីផ្ទុះកូវីដ១៩ និងលើកដំបូងបំផុតដែលមេដឹកនាំកំពូលចិនរូបនេះជាន់ទឹកដីអារ៉ាប៊ីសាអូឌីត ចាប់តាំងពីឆ្នាំ២០១៦មក។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋអារ៉ាប៊ីសាអូឌីត បានឱ្យដឹងថាដំណើរទស្សនកិច្ចរបស់លោក ស៊ី ជិនពីង ធ្វើឡើងតបការអញ្ជើញពីព្រះមហាក្សត្រសាល់ម៉ាន (Salman) ក្នុង ចេតនាពង្រឹងទំនាក់ទំនងជាប្រវត្តិសាស្ត្រ និងភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំង២ ខណៈកិច្ចព្រមព្រៀងមានទំហំទឹកប្រាក់ ២៩.២៦ពាន់លានដុល្លារ នឹងត្រូវបាន ចុះហត្ថលេខានៅក្នុងកិច្ចប្រជុំទ្វេភាគី។ ខាងក្រសួងការបរទេសចិនក៏បានទទួលស្គាល់ផងដែរពីដំណើរទស្សនកិច្ចរបស់លោក ស៊ី ជិនពីង នៅក្នុងសន្និសីទសារព័ត៌មានខ្លី មួយនៅថ្ងៃពុធសប្ដាហ៍នេះ ជាមួយការបញ្ជាក់ថាលោក ស៊ី នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋទៅកាន់អារ៉ាប៊ីសាអូឌីត និងចូលរួមកិច្ចប្រជុំកំពូលរវាងចិន និងប្រទេសអារ៉ាប់ និងកិច្ចប្រជុំកំពូលចិន និងក្រុមប្រទេសជាសមាជិកក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការតំបន់ឈូងសមុទ្រ (GCC) ក្នុងទីក្រុងរីយ៉ាដ។

ដំណើរទស្សនកិច្ចរបស់លោក ស៊ី ជិនពីង កើតមានឡើងនៅចំពេលដែលចិនសម្លឹងមើលការពង្រឹងទំនាក់ទំនងជាមួយបណ្ដាប្រទេសក្នុងតំបន់មជ្ឈិមបូព៌ា ក្នុងបរិបទ ទីក្រុងប៉េកាំងកំពុងមានទំនាក់ទំនងល្អក់កករជាមួយសហរដ្ឋអាមេរិក និងបណ្ដាប្រទេសលោកខាងលិច និងជាពិសេសចំពេលទំនាក់ទំនងរវាងអាមេរិក និងអារ៉ាប៊ីសាអូឌីត កំពុងស្គាល់ភាពតានតឹងមិនធ្លាប់មាន អស់រយៈពេលរាប់សិបឆ្នាំមកនេះ។ ជាការពិតណាស់ តំបន់មជ្ឈិមបូព៌ាដែលសម្បូរទៅដោយធនធានប្រេងដ៏មហាសាលធ្លាប់តែជា ដែនឥទ្ធិពលសឹងតែផ្ដាច់មុខរបស់សហរដ្ឋអាមេរិកទៅហើយ។ ក៏ប៉ុន្តែ ប៉ុន្មានឆ្នាំចុងក្រោយនេះឥទ្ធិពលអាមេរិកនៅក្នុងតំបន់មួយនេះបានថមថយចុះយ៉ាងខ្លាំង តួយ៉ាង ក្រោយរដ្ឋបាលលោក ចូ បៃដិន​ ដកកងទ័ពអាមេរិកទាំងអស់ចេញពីប្រទេសអាហ្វហ្កានីស្ថាន ហើយកាន់តែច្បាស់ជាងនេះទៅទៀត នោះគឺបរាជ័យរបស់លោក ចូ បៃដិន ក្នុងការបញ្ចុះបញ្ចូលឱ្យអារ៉ាប៊ីសាអូឌីត និងប្រទេសអារ៉ាប់ កាត់បន្ថយការផលិតប្រេង និងចូលរួមជាមួយលោកខាងលិចក្នុងការថ្កោលទោសសង្រ្គាមឈ្លានពានរបស់ រុស្ស៉ីនៅអ៊ុយក្រែន ក៏ដូចជាឈរនៅខាងទីក្រុងកៀវ។

ក្រៅតែពីសហរដ្ឋអាមេរិក ឥទ្ធិពលរបស់មហាអំណាចអ៉ឺរ៉ុបដូចជាបារាំង និងចក្រភពអង់គ្លេស ក៏កំពុងថមថយផងដែរ ហើយមានមួយផ្នែកធំ គឺដោយសារតែ «ទស្សនៈ ដែលរដ្ឋបាលលោក បៃដិន និងលោកខាងលិចតែងតែលើកឡើងជាប្រចាំ នោះគឺ «ការប្រយុទ្ធរវាងរបបប្រជាធិបតេយ្យ និងរបបផ្ដាច់ការ» ដែលមើលទៅហាក់ដូចជា ការបង្ខិតបង្ខំឱ្យប្រទេសដទៃត្រូវជ្រើសរើសថាពួកគេចង់ឈរនៅខាង «ប្លុកប្រជាធិបតេយ្យ ឬក៏ប្លុកផ្ដាច់ការ»? ទាំងនេះហើយបានផ្ដល់ឱកាសឱ្យចិនបង្កើនឥទ្ធិពល និងតួនាទីរបស់ខ្លួននៅក្នុងតំបន់មជ្ឈិមបូព៌ា។ ដំបូងឡើយជាទំនាក់ទំនងមួយចិន មិនមែនជាអាទិភាពធំដុំសម្រាប់បណ្ដាប្រទេសអារ៉ាប់នោះទេ តែប៉ុន្មានទសវត្សរ៍ ចុងក្រោយនេះ អ្វីៗបានផ្លាស់ប្ដូរទៅហើយ ដោយទីក្រុងប៉េកាំង និងអារ៉ាប់បានសាងរាត្រីទឹកឃ្មុំនឹងគ្នាបន្តិចម្ដងៗ តាមរយៈកិច្ចសហប្រតិបត្តិការលើវិស័យថាមពល ជាចម្បង ក្នុងនោះ «មួយភាគបី» នៃការនាំចូលថាមពលរបស់ចិន គឺមានប្រភពមកពីបណ្ដាប្រទេសអារ៉ាប់ ហើយមួយផ្នែកធំនាំចូលពីអារ៉ាប៊ីសាអូឌីតតែម្ដង ខណៈចិន បានកា្លយជាដៃគូពាណិជ្ជកម្ម និងជាអ្នកវិនិយោធាដ៏ធំបំផុតរបស់តំបន់មជ្ឈិមបូព៌ា។

បណ្ដារដ្ឋអារ៉ាប់កាន់តែច្រើនឡើង ចង់ឱ្យចិនបង្កើនការចូលរួមរបស់ខ្លួន ហើយក្នុងពេលចិនកំពុងជឿនលឿនទៅមុខលើបច្ចេកវិទ្យាច្នៃប្រឌិត ទីក្រុងប៉េកាំងបានក្លាយជា ដៃគូសហការ និងជាអតិថិជនសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាអ៉ីស្រាអែល ព្រមទាំងជាដៃគូដ៏សំខាន់ដែលកំពុងជួយអារ៉ាប៊ីសាអូឌីតក្នុងការអភិវឌ្ឍឧស្សាហកម្មអាវុធ នៅក្នុង ស្រុក។ ប្រទេសអារ៉ាប់ចំនួន៧ បានចូលរួមក្នុង «គំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ» របស់លោក ស៊ី ជិនពីងដែលប្រទេសអារ៉ាប់ ដូចជាអារ៉ាប៊ីសាអូឌីតមើលឃើញថា ស័ក្តិសមជាមួយចក្ខុវិស័យ ២០៣០ និងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន។

តែទោះជាបែបនេះក្ដី ក្រុមអ្នកជំនាញលោកខាងលិចយល់ថាក្នុងរយៈពេលខ្លី ឬមធ្យម រឿងមួយដែលចិនមិនអាចធ្វើបាន នោះគឺធ្វើជា«អ្នកធានាសន្តិសុខឱ្យអារ៉ាប់» ជំនួស សហរដ្ឋអាមេរិក។ ពោលគឺ នៅក្នុងកែវភ្នែកអារ៉ាប់ អ៉ីរ៉ង់នៅតែជាការគំរាមកំហែងដ៏ធំ រីឯអ្នកដែលអាចជួយពួកគេប្រឆាំងនឹងអ៉ីរ៉ង់បាន គឺមានតែសហរដ្ឋអាមេរិក ហើយ អ្វីដែលបាន និងកំពុងកើតឡើងនៅក្នុងទំនាក់ទំនងរវាងអាមេរិក និងអារ៉ាប់ ជាការព្យាយាមសម្របខ្លួនទៅនឹងការប្រែប្រួលភូមិសាស្ត្រនយោបាយសកលលោកប៉ុណ្ណោះ។ ពោលគឺប្រទេសភាគច្រើននៅក្នុងតំបន់ រួមទាំងអារ៉ាប៊ីសាអូឌីតចង់កាត់បន្ថយនូវអ្វីដែលពួកគេជឿថាខ្លួនឯងកំពុងពឹងផ្អែកលើសហរដ្ឋអាមេរិកខ្លាំងហួសហេតុពេក ហើយ មិនមែនពួកគេព្យាយាមយកចិន ឬរុស្ស៉ីមកជំនួសសហរដ្ឋអាមេរិក នោះទេ។ សហរដ្ឋអាមេរិក បារាំង ឬចក្រភពអង់គ្លេស តែងតែគំរាមបញ្ឈប់ការលក់អាវុធឱ្យ អារ៉ាប៊ីសាអូឌីត នៅពេលដែលមានបញ្ហាពាក់ព័ន្ធនឹងសិទ្ធិមនុស្ស។ ដូច្នេះដើម្បីអាចធ្វើបែបនេះបាន ពួកគេមានតែចាប់ផ្ដើមបោះដៃទៅរកប្រទេសផ្សេងដូចជាចិន ឥណ្ឌា និងរុស្ស៉ី ក្នុងគោលបំណងរក្សាតុល្យភាពទំនាក់ទំនងអន្តរជាតិ និងបញ្ចៀសការបង្ខំចិត្តត្រូវជ្រើសរើសរវាងសហរដ្ឋអាមេរិក និងចិន។

រីឯចិន វិញក៏មិនសូវជាចូលចិត្តពាក់ព័ន្ធនឹងរឿងស្មុគស្មាញបែបនេះដែរ ព្រោះវាមិនមែនជាប្រយោជន៍នៃយុទ្ធសាស្ត្រចិន។ មកទល់នឹងពេលនេះ ចិននៅតែបន្តប្រុងប្រយ័ត្ន ជានិច្ច និងដកខ្លួននៅឱ្យឆ្ងាយពីជម្លោះនយោបាយក្នុងតំបន់មជ្ឈិមបូព៌ារវាងអារ៉ាប់ និងអ៉ីរ៉ង់ ជាមួយការផ្ដោតតែទៅលើគោលនយោបាយពាណិជ្ជកម្ម និងការវិនិយោគ ជាអាទិភាព ដែលបានជួយឱ្យទីក្រុងប៉េកាំង អាចរក្សាទំនាក់ទំនងល្អបានសឹងទាំងអស់ជាមួយប្រទេសក្នុងតំបន់មជ្ឈិមបូព៌ា រាប់ចាប់ពីអ៉ីរ៉ង់ អ៉ីរ៉ាក់ អ៉ីស្រាអែល បណ្ដាប្រទេសជាសមាជិក GCC អេហ្ស៉ីប ហ្ស៊កដានី ប៉ាឡេស្ទីន និងស៊ីរី។ តែបច្ចប្បន្ន សំណួរមួយដ៏សំខាន់ នោះគឺថាតើទំនាក់ទំនងអរិភាពកាន់តែស្រួចស្រាល់រវាង សហរដ្ឋអាមេរិក និងចិន អាចនឹងពង្រីកមហិច្ឆតារបស់ទីក្រុងប៉េកាំង ក្នុងការបន្សាបឥទ្ធិពលអាមេរិកនៅក្នុងតំបន់មជ្ឈិមបូព៌ាដែរឬក៏យ៉ាងណា៕