(ប៊ុយណូស៊ែ)៖ កាលពីថ្ងៃអង្គារសប្តាហ៍នេះ តុលាការនៅក្នុងប្រទេសអាហ្សង់ទីន បានសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ លោកស្រី គ្រីស្ទីណា ហ្វឺណាន់ដេស ដឺ ឃើចណឺ (Cristina Fernandez de Kirchner) ដែលជាអនុប្រធានាធិបតី ហើយហាមឃាត់លោកស្រី លែងឱ្យមានសិទ្ធិឈរឈ្មោះ សម្រាប់តំណែងក្នុងជួររដ្ឋាភិបាលតទៅទៀត ពាក់ព័ន្ធនឹងសំណុំរឿងពុករលួយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី៧ ខែធ្នូឆ្នាំ២០២២។
យ៉ាងណាក្តី អនុប្រធានាធិបតីដ៏មានឥទ្ធិពលរូបនេះ ដែលបច្ចុប្បន្នមានអភ័យឯកសិទ្ធិជាបណ្តោះអាសន្ន ដោយសារតែមុខតំណែងរបស់លោកស្រី គឺនឹងមិនត្រូវប្រឈមការអនុវត្តទោសជាប់ពន្ធនាគារភ្លាមៗនោះឡើយ ហើយលោកស្រីក៏ត្រូវគេរំពឹងផងដែរថា នឹងធ្វើការប្តឹងឧទ្ធរណ៍ជាបន្តបន្ទាប់ទៀត ប្រឆាំងនឹងការសម្រេចរបស់តុលាការខាងលើ ដែលទំនងជានឹងត្រូវចំណាយពេលរាប់ឆ្នាំឯណោះ។
បើតាមមេធាវីលោកស្រី លោកស្រី ឃើចណឺ គឺនៅតែអាចឈរឈ្មោះ សម្រាប់តំណែងក្នុងរដ្ឋាភិបាលបានដដែល ខណៈដំណើរការ នៃបណ្តឹងឧទ្ធរណ៍ស្ថិតក្រោមការរង់ចាំ ប៉ុន្តែលោកស្រីបានប្រកាសកាលពីថ្ងៃអង្គារថា លោកស្រីនឹងមិនជាបេក្ខជន សម្រាប់តួនាទីអ្វីទាំងអស់ នៅក្នុងការបោះឆ្នោតសកលឆ្នាំក្រោយនេះ។
គួរបញ្ជាក់ថា លោកស្រី គ្រីស្ទីណា ឃើចណឺ ដែលធ្លាប់កាន់តំណែងជា ប្រធានាធិបតីអាហ្សង់ទីន សម្រាប់រយៈពេល២អាណត្តិ កាលពីចន្លោះឆ្នាំ២០០៧-២០១៥ និងមានប្រជាប្រិយភាពខ្លាំងក្នុងចំណោមប្រជាជន ប្រឈមការចោទប្រកាន់ពីបទប្រព្រឹត្តអំពើពុករលួយ អំលុងពេលលោកស្រីនៅជាប្រធានាធិបតី ប៉ុន្តែលោកស្រីបានច្រានចោល ការចោទប្រកាន់នេះ។ កាលពីខែកញ្ញា លោកស្រី ឃើចណឺ ក៏បានទទួលរងការប៉ុនប៉ងធ្វើឃាតផងដែរ ប៉ុន្តែសកម្មភាពនោះត្រូវបរាជ័យ ដោយសារកាំភ្លើងជនដៃដល់ បាញ់មិនចេញគ្រាប់៕