Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាជ្ញាធរអាល្លឺម៉ង់ចាប់ខ្លួនមនុស្ស២៥នាក់ ដែលជាប់សង្ស័យមានផែនការផ្តួលរំលំរដ្ឋអំណាច (Video inside)

07-12-2022 17:23

(បែរឡាំង)៖ ការិយាល័យរដ្ឋអាជ្ញាសហព័ន្ធរបស់អាល្លឺម៉ង់ បានឱ្យដឹងថា នៅថ្ងៃពុធនេះ សមាជិកនិងអ្នកគាំទ្រសរុបចំនួន២៥នាក់ នៃក្រុមភេរវករស្តាំនិយម ត្រូវបានចាប់ខ្លួនកំលុងប្រតិបត្តិការនៅទូទាំងប្រទេសអាល្លឺម៉ង់ ដោយជាប់សង្ស័យមានផែនការផ្តួលរំលំ​រដ្ឋអំណាច។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី៧ ខែធ្នូ ឆ្នាំ២០២២។

ទីភ្នាក់ងារស៉ើបការណ៍សម្ងាត់របស់យោធាអាល្លឺម៉ង់ ហៅកាត់ BAMAD បាននិយាយថា ក្នុងចំណោមក្រុមអ្នកដែលត្រូវបានចាប់ខ្លួន និងស្ថិតក្រោមការស៉ើបអង្កេតទាំងនោះ រួមមានទាហានអាជីពម្នាក់ និងទាហានបម្រុងមួយចំនួន ខណៈទាហានអាជីពម្នាក់នោះ គឺជាសមាជិកនៃទីបញ្ជាការដ្ឋានកងកម្លាំងពិសេស។

ក្រុមជនសង្ស័យខាងលើ រងការចោទប្រកាន់ថា បានត្រៀមលក្ខណៈយ៉ាងហោចតាំងពីចុងខែវិច្ឆិកា ឆ្នាំ២០២១មក ដើម្បីធ្វើសកម្មភាព ដោយផ្អែកលើមនោគមវិជ្ជារបស់ពួកគេ។ សកម្មភាពទាំងនោះ រួមមានដូចជា ទិញសម្ភារ កែនសមាជិកថ្មីៗ និងហាត់សម​បាញ់កាំភ្លើង ជាដើម។ សម្រាប់កិច្ចប្រឹងប្រែងប្រមូលសមាជិក គឺជាផ្តោតជាចម្បងទៅលើមន្រ្តីយោធានិងប៉ូលិសអាល្លឺម៉ង់។

គួរបញ្ជាក់ថា ប្រតិបត្តិការខាងលើបានប្រព្រឹត្តទៅ ក្រោមការចូលរួមពីមន្រ្តីប៉ូលិសនិងកងកម្លាំងសន្តិសុខច្រើនជាង ៣,០០០នាក់ នៅរដ្ឋចំនួន១១ ក្នុងប្រទេសអាល្លឺម៉ង់៕