(ហ្សាការតា)៖ អាជ្ញាធរឥណ្ឌូណេស៉ីបានឱ្យដឹងថា នៅថ្ងៃពុធនេះ មនុស្ស២នាក់បានបាត់បង់ជីវិត និង៨នាក់បានទទួលរងរបួស ក្នុងទីក្រុងបានឌុង (Bandung) នៃខេត្តជ្វាខាងលិច (West Java) នៅពេលបុរសម្នាក់ដែលសង្ស័យ ជាសមាជិកក្រុមសកម្មប្រយុទ្ធ បានបំផ្ទុះខ្លួននៅស្ថានីយប៉ូលិសមួយកន្លែង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី៧ ខែធ្នូ ឆ្នាំ២០២២។

លោក អាម៉ាត់ រ៉ាម៉ាដាន (Ahmad Ramadhan) ប្រធានការិយាល័យព័ត៌មាន នៃស្នងការប៉ូលិសជាតិឥណ្ឌូណេស៉ី បាននិយាយថា អាជ្ញាធរពាក់ព័ន្ធកំពុងសហការគ្នាជាមួយ កងកម្លាំងជំនាញផ្នែកប្រឆាំងអំពើភេរវកម្ម ដើម្បីស៉ើបអង្កេតជុំវិញឧបទ្ទវហេតុខាងលើ ដែលបានផ្តាច់ជីវិតមន្រ្តីប៉ូលិសម្នាក់ ព្រមទាំងជនសង្ស័យ។

លោក អ៉ីបនូ ស៊ូហិនដ្រា (Ibnu Suhendra) នៃទីភ្នាក់ងារប្រឆាំងភេរវកម្ម BNPT របស់ឥណ្ឌូណេស៉ី បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុង​ស្រុក Metro TV ថា ក្រុមសកម្មប្រយុទ្ធ JAD ដែលទទួលឥទ្ធិពលពីក្រុមភេរវករ ISIS ប្រហែលជាអ្នកនៅពីក្រោយការវាយប្រហារ ដ្បិតក្រុមនេះធ្លាប់ធ្វើសកម្មភាពស្រដៀងគ្នា នៅក្នុងប្រទេសឥណ្ឌូណេស៉ី។

គួរបញ្ជាក់ថា បើតាមលោក ស៊ូនតាណា (Suntana) ដែលជាមេប៉ូលិសខេត្តជ្វាខាងលិច បានប្រាប់ Metro TV ថា អាជ្ញាធរកំពុងតែ​ផ្តោតការស៉ើបអង្កេតជាពិសេសទៅលើម៉ូតូ១គ្រឿង នៅក្បែរកន្លែងកើតហេតុ ដែលពួកគេជឿថា គឺជាយានជំនិះរបស់ជនសង្ស័យ។ នៅភ្ជាប់ជាមួយម៉ូតូនោះ គឺមានសំបុត្រមួយច្បាប់ពាំនាំ នូវខ្លឹមសារប្រឆាំងនឹងក្រមព្រហ្មទណ្ឌថ្មី ដែលសភាឥណ្ឌូណេស៉ីទើបផ្តល់​សច្ចាប័នកាលពីថ្ងៃអង្គារសប្តាហ៍នេះ៕