(តៃប៉ិ)៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានអនុម័តការលក់បរិក្ខារគ្រឿងបន្លាស់យន្តហោះចម្បាំង ក្នុងទំហំទឹកប្រាក់ចំនួន ៤២៨លានដុល្លារសម្រាប់កោះតៃវ៉ាន់ ដើម្បីជួយដល់កម្លាំងទ័ពអាកាសរបស់តៃវ៉ាន់ ដែលបានរងភាពតានតឹងពីការហោះស្កាត់ ក្រុមយន្តហោះយោធាចិន ដែលធ្វើប្រតិបត្តិការនៅក្បែរដែនកោះនេះយ៉ាងញឹកញាប់។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៧ ខែធ្នូ ឆ្នាំ២០២២។

ក្នុងសេចក្តីថ្លែងការណ៍ចំនួនពីររបស់មន្ទីរបញ្ចកោណ កាលពីល្ងាចថ្ងៃអង្គារសប្តាហ៍នេះបានឲ្យដឹងថា ផ្នែកនៃការលក់ទាំងនេះ គឺនឹងគាំទ្រដល់យន្តហោះចម្បាំង F-16 របស់តៃវ៉ាន់ យន្តហោះចម្បាំងដែលផលិតដោយតៃវ៉ាន់ផ្ទាល់ រួមទាំងយន្តហោះដទៃទៀត ហើយប្រព័ន្ធ ឬគ្រឿងបន្លាស់ផ្សេងៗ ដែលមានប្រភពដើមជារបស់សហរដ្ឋអាមេរិក។ ទីក្រុងវ៉ាស៉ីនតោន បាននិយាយថា វានឹងជួយទ្រង់ទ្រង់ព្រមទាំងពង្រឹងសមត្ថភាព ក្រុមយន្តហោះចម្បាំងរបស់កងទ័ពអាកាសតៃវ៉ាន់ ចំពោះមុខការគំរាមកំហែងបច្ចុប្បន្ននិងអនាគត។

រីឯក្រសួងការពារជាតិតៃវ៉ាន់បានឲ្យដឹងនៅថ្ងៃពុធនេះថា ការលក់នេះត្រូវបានគេរំពឹងថានឹងចូលជាធរមាន ក្នុងរយៈពេលមួយខែ ហើយនឹងបម្រើជាប្រយោជន៍យ៉ាងខ្លាំង ខណៈដែលចិនកំពុងព្យាយាម ធ្វើប្រក្រតីកម្មសកម្មភាពយោធារបស់ខ្លួននៅក្បែរតៃវ៉ាន់ ហើយដាក់សម្ពាធមកលើដែនអាកាសនិងដែនសមុទ្ររបស់តៃវ៉ាន់ ព្រមទាំងមកលើសមត្ថភាពនៃការហ្វឹកហាត់ និងការឆ្លើយតប របស់កងកម្លាំងយោធាតៃវ៉ាន់។

គួរបញ្ជាក់ថា បច្ចុប្បន្នកម្លាំងទ័ពអាកាសរបស់កោះតៃវ៉ាន់មានគ្រឿងបរិក្ខាល្អ ប៉ុន្តែមានវ័យចំណាស់ហើយមានកម្រិតទាបជាង កងកម្លាំងរបស់ចិន។ ជារឿយៗទីក្រុងតៃប៉ិបានត្អូញត្អែរថា រយៈពេល ៣ឆ្នាំចុងក្រោយនេះ យន្តហោះយោធាចិនបាននិងកំពុងធ្វើ សកម្មភាពជារៀងរាល់ថ្ងៃនៅក្បែរទឹកដីរបស់ខ្លួន៕