(ព្រុចសែល)៖ ហុងគ្រី នៅថ្ងៃអង្គារសប្តាហ៍នេះ បានបោះឆ្នោតវេតូ ការផ្តល់ប្រាក់កម្ចីចំនួន ១៨ពាន់លានអឺរ៉ូ ឬស្មើនឹង១៩ពាន់លានដុល្លារ របស់សហភាពអឺរ៉ុប (EU) សម្រាប់អ៊ុយក្រែន ខណៈប្រទេសសមាជិក ២៦ផ្សេងទៀតនៃប្លុកមួយនេះ បានពន្យារពេលការសម្រេចចិត្តលើការបញ្ចេញជំនួយរាប់ពាន់លានដល់ទីក្រុងប៊ុយដាប៉ែស (Budapest) ជុំវិញការដើរថយក្រោយនៃលទ្ធិប្រជាធិបតេយ្យ។ នេះបើយោងតាមការដកស្រង់ផ្សាយពីទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៧ ខែធ្នូ ឆ្នាំ២០២២។

នៅឯកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ EU នៅឯទីក្រុងព្រុចសែល រដ្ឋមន្ត្រីហុងគ្រីហិរញ្ញវត្ថុ លោក មីហាលី វ៉ាហ្គា (Mihaly Varga) បានបញ្ជាក់ពីការប្រឆាំង នៃរដ្ឋាភិបាលរបស់លោក ចំពោះប្រាក់ផែនការផ្តល់កម្ចីសម្រាប់អ៊ុយក្រែន ដែលជាហិរញ្ញប្បទានរួមគ្នារបស់សហភាពអឺរ៉ុប។ ប៉ុន្តែ បានអះអាថាទីក្រុងប៊ុយដាប៉ែស នឹងផ្តល់ជំនួយទ្វេភាគីដល់ទីក្រុងកៀវ។

ដោយសារតែការជាប់គាំងនេះ រដ្ឋមន្ត្រីហិរញ្ញវត្ថុ EU បានសម្រេចមិនពិភាក្សាគ្នាលើរបៀបវារៈស្តីពីទឹកប្រាក់ចំនួន ៧.៥ពាន់លានអឺរ៉ូនៃមូលនិធិសហភាពអឺរ៉ុបសម្រាប់ ប្រទេសហុងគ្រី ហើយក៏បានពន្យារពេលការសម្រេចចិត្តណាមួយលើផែនការជំនួយសេដ្ឋកិច្ច ៥.៨ពាន់លានអឺរ៉ូផ្សេងទៀត ដល់ទីក្រុងប៊ុយដាប៉ែសផងដែរ ខណៈហុងគ្រី រំពឹងទុកពីមូលនិធិជំរុញសេដ្ឋកិច្ចនេះ ដើម្បីជួយសេដ្ឋកិច្ចរបស់ខ្លួនឲ្យងើបឡើងវិញពីវិបត្តិកូវីដ-១៩។

គួរបញ្ជាក់ថា មូលនិធិសរុបរបស់ EU ដែលត្រូវបានពន្យាពេលនោះ គឺទំហំជិត ៩ភាគរយនៃ GDP ឆ្នាំ២០២២ របស់ប្រទេសហុងគ្រីដែលត្រូវបានវាយតម្លៃ។ បើតាម រដ្ឋមន្រ្តីហិរញ្ញវត្ថុរបស់ប្រទេសឡេតូនី ហុងគ្រីកំពុងប្រើប្រាស់សិទ្ធិវេតូរបស់ខ្លួន ជារនាំងនៃការចរចា ដើម្បីឲ្យរដ្ឋសមាជិកផ្សេងទៀតយល់ព្រមប្រគល់ប្រាក់រាប់ពាន់លានអឺរ៉ូ ពីថវិការួមរបស់សហភាពអឺរ៉ុបទៅឲ្យប្រទេសរបស់ខ្លួនប៉ុណ្ណោះ៕