(សេអ៊ូល)៖ សភាជាតិរបស់កូរ៉េខាងជើង នឹងបើកសម័យប្រជុំរបស់ខ្លួននៅខែមករាខាងមុខ ដើម្បីដាក់ចេញផែនការថ្មីៗសម្រាប់ឆ្នាំ២០២៣ ក្នុងនោះរួមមានទាំង កញ្ចប់ថវិកាជាតិផងដែរ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៧ ខែធ្នូ ឆ្នាំ២០២២។

ជាទម្លាប់ធម្មតា សភាកូរ៉េខាងជើងតែងតែបើកសម័យប្រជុំដែលមានរយៈពេលជាច្រើនថ្ងៃ មួយលើក ឬពីរលើកតែប៉ុណ្ណោះ នៅក្នុងមួយឆ្នាំ ដើម្បីអនុម័តផែនការដាក់ ចេញដោយគណបក្សពលករដែលជាបក្សកាន់អំណាចតែមួយគត់ក្នុងប្រទេសកូរ៉េខាងជើង។ នៅក្នុងសេចក្ដីរាយការណ៍របស់ខ្លួននៅថ្ងៃពុធនេះ ប្រព័ន្ធផ្សព្វផ្សាយ រដ្ឋកូរ៉េខាងជើង KCNA បានគូសបញ្ជាក់ដូច្នេះថា «សម័យប្រជុំលើកទី៨ នៃសភាប្រជាជនជាន់ខ្ពស់កូរ៉េខាងជើង (SPA) នីតិកាលទី១៤ នឹងត្រូវបានកោះប្រជុំ នៅថ្ងៃទី១៧ ខែមករាខាងមុខ ក្នុងទីក្រុងព្យុងយ៉ាង»។

បើតាម KCNA សម័យប្រជុំនេះនឹងផ្ដោតសំខាន់លើការត្រួតពិនិត្យឡើងវិញលើការងារកាលពីឆ្នាំ២០២២ រៀបចំផែនការសម្រាប់ឆ្នាំ២០២៣ និងកញ្ចប់ថវិកាជាតិ។ តែមិនបានបញ្ជាក់លម្អិតថាតើនឹងមានវត្តមានរបស់លោក គីម ជុងអ៊ុន ឬក៏យ៉ាងណានោះទេ។ សភាប្រជាជនជាន់ខ្ពស់កូរ៉េខាងជើង កាលពីឆ្នាំ២០២២ បានកោះប្រជុំ នៅក្នុងខែកុម្ភៈ និងខែកញ្ញា៕