Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សហរដ្ឋអាមេរិក ថាមិនបានជំរុញ ឬសម្រួលឱ្យអ៊ុយក្រែនវាយប្រហារ នៅក្នុងទឹកដីរុស្ស៉ីនោះទេ (Video inside)

07-12-2022 08:44

(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្ល៊ីនខិន (Antony Blinken) បាននិយាយថាសហរដ្ឋអាមេរិកមិនបានជំរុញ ហើយក៏មិនបាន ជួយសម្របសម្រួលដល់ការវាយប្រហាររបស់អ៊ុយក្រែន នៅលើទឹកដីរុស្ស៉ីនោះទេ បន្ទាប់ពីមូលដ្ឋាទ័ពអាកាសចំនួន២ និងព្រលានយន្ដហោះមួយស្ថិតនៅយ៉ាងជ្រៅ ក្នុងទឹកដីរុស្ស៉ី រងការវាយប្រហារដោយយន្ដហោះដ្រូន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៧ ខែធ្នូ ឆ្នាំ២០២២។

កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ក្រសួងការពារជាតិរុស្ស៉ី បានអះអាងថាយន្ដហោះដ្រូនរបស់អ៊ុយក្រែន បានវាយប្រហារលើលើមូលដ្ឋានទ័ពអាកាសចំនួន២ នៅក្នុងតំបន់ រីយ៉ាហ្សាន់ (Ryazan) និងសារ៉ាតូវ (Saratov) ក្នុងទឹកដីរុស្ស៉ីដោយស្លាប់ទាហាន ៣នាក់ និង៤នាក់ទៀតរងរបួស ហើយយន្ដហោះចម្បាំង២គ្រឿង រងការខូចខាត ដោយសារបំណែកយន្ដហោះដ្រូនដែលត្រូវបានបាញ់ទម្លាក់។ បន្ថែមពីលើនេះ កាលពីថ្ងៃអង្គារ ព្រលានយន្ដហោះមួយស្ថិតនៅក្នុងទឹកដីរុស្ស៉ី ក៏រងការវាយប្រហារដោយយន្ដហោះដ្រូនផងដែរ។ ប៉ុន្តែ ខាងអ៊ុយក្រែនមិនបានធ្វើអត្ថាធិប្បាយអ្វីច្រើនឡើយ ឆ្លើយតបទៅនឹងការចោទប្រកាន់របស់ទីក្រុងមូស្គូ ដែលបានបាញ់ស្រោចមីស៊ីលលើទីក្រុងជាច្រើនរបស់អ៊ុយក្រែនជាការសងសឹក។

យ៉ាងណាក៏ដោយ ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃអង្គារសប្ដាហ៍នេះ លោក ប្ល៊ីនខិន បានគូសបញ្ជាក់ដូច្នេះថា «យើងមិនបានជំរុញ ហើយក៏មិនបាន ជួយសម្របសម្រួលដល់ការវាយប្រហាររបស់អ៊ុយក្រែន នៅលើទឹកដីរុស្ស៉ីនោះទេ»។ ប៉ុន្តែ រដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះនៅតែបង្ហាញពីការប្ដេជ្ញាចិត្តជួយ អ៊ុយក្រែនដើម្បីការពារខ្លួនឯង ខណៈលោកបានចោទប្រកាន់រុស្ស៉ីកំពុងប្រើប្រាស់រដូវរងាជាអាវុធ តាមរយៈការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលអ៊ុយក្រែន។

គួរបញ្ជាក់ថា បើតាមក្រុមអ្នកជំនាញលោកខាងលិច អ៊ុយក្រែនទំនងជាបានប្រើយន្ដហោះដ្រូនសល់ពីសម័យសូវៀត ដើម្បីវាយប្រហារលើទឹកដីរុស្ស៉ី ពោលមិនមែនប្រើអាវុធ ដែលមានតម្លៃថ្លៃរាប់ពាន់លានដុល្លារនៅក្រោមកញ្ចប់ជំនួយពីបណ្ដាប្រទេសលោកខាងលិចនោះឡើយ៕