(កៀវ)៖ កិច្ចប្រឹងប្រែងព្យាយាមរកភាពវិវត្តន៍ឈានដល់ការឈប់បាញ់ និងបញ្ចប់សង្គ្រាមអ៊ុយក្រែន ហាក់ដូចជានៅឆ្ងាយនៅឡើយ។ កាលពីថ្ងៃចន្ទ ទី៥ ខែធ្នូ ឆ្នាំ២០២២ រុស្ស៊ីបានថ្លែងថាអ៊ុយក្រែន បានប្រើដ្រូនវាយប្រហារចូលក្នុងទឹកដីរុស្ស៊ី និងជាការឆ្លើយតបវិញ រុស្ស៊ីបានធ្វើការបាញ់ស្រោចមីស៊ីលដូចទឹកភ្លៀងដាក់ មកលើបណ្តាទីក្រុងអ៊ុយក្រែនសាជាថ្មី។ នេះជាព្រឹត្តិការណ៍វាយប្រហារតាមផ្លូវអាកាសថ្មីមួយទៀតក្នុងពេលដែលប្រទេសបារាំងនិងអាល្លឺម៉ង់កំពុងស្វែង រកការសម្របសម្រួលមួយដើម្បីបញ្ចប់សង្គ្រាមអ៊ុយក្រែន។

ការវាយប្រហារដ្រូនរបស់អ៊ុយក្រែនលើមូលដ្ឋានទ័ពរបស់រុស្ស៊ីក្នុងតំបន់ Saratov និងតំបន់ Ryazan បានធ្វើឱ្យរុស្ស៊ីបាញ់មីស៊ីលស្រោចដូចគ្រាប់ភ្លៀងសាជាថ្មី ដាក់លើបណ្តាទីក្រុងអ៊ុយក្រែន។ នេះជាការវាយប្រហារថ្មីបន្ថែមទៀតកាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ ក្នុងរង្វង់ពេលដែលមេដឹកនាំប្រទេសអាល្លឺម៉ង់ និងមេដឹកនាំ ប្រទេសបារាំង បានព្យាយាមធ្វើជាអ្នកសម្រុះសម្រួល រកការបញ្ចប់សង្គ្រាមក្នុងប្រទេសអ៊ុយក្រែនគ្រាដែលអ៊ុយក្រែនបានបង្ហាញការចង់ជ្រើសយកសមរភូមិជាជាង ការចរចានៅលើតុ។ ការបាញ់ស្រោចមីស៊ីលសាជាថ្មីកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ បានធ្វើឡើងក្រោយរុស្ស៊ីបានចោទថា មានដ្រូនអត្តឃាតរបស់អ៊ុយក្រែនយ៉ាង ហោចចំនួន២ ត្រូវបានប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ីបាញ់ទម្លាក់ក្នុងការប៉ុនប៉ងវាយប្រហារមួយកាលពីថ្ងៃចន្ទ។

ទីភ្នាក់ងារ TASS របស់រុស្ស៊ីបានរាយការណ៍ថាមានពលរដ្ឋរុស្ស៊ីបីនាក់បានស្លាប់ និង៦នាក់ទៀត បានរងរបួសក្នុងហេតុការណ៍វាយប្រហារដោយដ្រូនតាមអា កាសកាលពីថ្ងៃទី៥ ខែធ្នូនោះ។ រុស្ស៊ីនិយាយថាដ្រូនរបស់អ៊ុយក្រែនដែលហោះក្នុងកម្ពស់ទាប ត្រូវបានប្រព័ន្ធការពារអាកាសបាញ់ទម្លាក់ និងការបាញ់ស្កាត់នោះ បានបង្កជាស្នូរផ្ទុះនិងកម្ទេចរបស់វាបានធ្លាក់ចុះមកធ្វើឱ្យខូចតិចតួចយន្តហោះរុស្ស៊ីចំនួន២គ្រឿង។

អ៊ុយក្រែនមិនទាន់មានប្រតិកម្មអ្វីឡើយជុំវិញការចោទនេះប៉ុន្តែរុស្ស៊ីមិនរង់ចាំការបញ្ជាក់ឆ្លើយតបពីអ៊ុយក្រែននោះឡើយ។ រុស្ស៊ីបានធ្វើការបាញ់ស្រោចមីស៊ីល រយៈចម្ងាយឆ្ងាយដាក់លើ បណ្តាទីក្រុងអ៊ុយក្រែនវិញនៅថ្ងៃច័ន្ទដដែលនោះ។ មនុស្ស៤នាក់បានស្លាប់ និងផ្ទះជាច្រើនបានរងនឹងការបំផ្លាញ ក្នុងតំបន់ភាគអាគ្នេយ៍ប្រទេសអ៊ុយក្រែន ។ ការវាយប្រហារថ្មីចុងក្រោយនេះ បានបណ្តាលឱ្យដាច់ថាមពលអគ្គីសនីជាច្រើនថែមទៀត នៅទូទាំងប្រទេសគ្រាដែល រដួវរងារកំពុងតែញាំញីសុខភាពពលរដ្ឋ ដែលត្រូវការកម្តៅពីប្រភពថាមពលអគ្គីសនី។

ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី បានថ្លែងថាក្នុងចំណោមគ្រាប់មីស៊ីល ៧០ ដែលបានបាញ់ដាក់លើបណ្តាក្រុងអ៊ុយក្រែន, គ្រាប់មីស៊ីលជាង៦០គ្រាប់ ត្រូវបានប្រព័ន្ធការពារដែនអាកាសបាញ់ទម្លាក់។ លោក ហ្សេលេនស្គី បាននិយាយថាពលរដ្ឋអ៊ុយក្រែននឹងមិនចុះញ៉ម ការបាញ់មីស៊ីលរបស់រុស្ស៊ីឡើយ។
លោក ហ្សេលេនស្គី បានថ្លែងថាលោកសូមអរគុណដល់កងកម្លាំងការពារអាកាស, កងវិស្វកម្ម និងពលរដ្ឋក្រែន។ លោកបន្តថាប្រព័ន្ធការពារអាកាសបានបាញ់ទម្លាក់ មីស៊ីលរុស្ស៊ីជាច្រើន, ចំណែកខាងកងកម្លាំងវិស្វកម្ម ក៏បានចាប់ផ្តើមជួយជួសជុលស្តារប្រព័ន្ធថាមពលអគ្គីសនី និងលោកថាអ៊ុយក្រែននឹងមិនចុះចាញ់ឡើយ។ លោកបានស្រែកលើកទឹកចិត្តនូវពាក្យជយោអ៊ុយក្រែនថែមទៀតក្នុងសារដល់ពលរដ្ឋតាមប្រព័ន្ធវីដេអូ។ ក្នុងក្រុងកៀវ, ការវាយប្រហារសាជាថ្មីនេះបានធ្វើឱ្យ មនុស្សប្រមាណ៤០ភាគរយបានដាច់អគ្គីសនីសាជាថ្មីក្នុងពេលដែលរដូវត្រជាក់ក្រោមសូន្យអង្សាសេ កំពុងតែបង្កភាពរងារជាខ្លាំង។

ស្នូរស៊ីរ៉ែនប្រកាសអាសន្ន បានលាន់ឮខ្លាំងពាសពេញប្រទេស។ ពលរដ្ឋអ៊ុយក្រែនដែលកំពុងធ្វើដំណើរបានប្រញាប់នាំគ្នារកកន្លែងជ្រកពួនក្នុងប្រព័ន្ធមេត្រូក្រោមដី ដើម្បីបញ្ចៀសការប៉ះពាល់ដល់អាយុជីវិត។ ក្នុងតំបន់ហ្សាប៉ូរីហ្សៀ មនុស្ស២នាក់បានស្លាប់ដោយសារការវាយប្រហារតាមផ្លូវអាកាសនោះជាមួយនឹងផ្ទះជាច្រើន បានរងការបំផ្លាញ។ ការវាយប្រហារវេលាចុងក្រោយនេះ បានទន្ទឹមនឹងកិច្ចប្រឹងប្រែងសាជាថ្មីម្តងទៀតរបស់មេដឹកនាំប្រទេសអាល្លឺម៉ង់ លោក Olaf Scholz និង មេដឹកនាំប្រទេសបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានព្យាយាមធ្វើជាអ្នកសម្រុះសម្រូលរកការបញ្ចប់សង្គ្រាមក្នុងប្រទេសអ៊ុយក្រែន គ្រាដែលសង្គ្រាម ឈានចូលក្នុងរយៈពេល១០ខែមកនេះ បានបង្កផលប៉ះពាល់ជាខ្លាំងដល់ជីវភាពរស់នៅពលរដ្ឋជាពិសេសប្រជាជនក្នុងទ្វីបអឺរ៉ុប។

តាមពិតរយៈពេលកន្លងមកនេះ មានកិច្ចចរចាសន្តិភាពជាច្រើនជុំរួចមកហើយ ដើម្បីបញ្ឈប់សង្គ្រាមនេះ ប៉ុន្តែការចរចានោះ មិនទទួលបានជោគជ័យនោះឡើយ។ ការជួបចរចាលើកដំបូងត្រូវបានធ្វើឡើងនៅថ្ងៃទី២៨ ខែកុម្ភៈនៅប្រទេសបេឡារុស, ការចរចាជុំទីពីរ និងជុំទីបីបានធ្វើនៅថ្ងៃទី៣ ខែមីនា និងថ្ងៃទី៧ ខែមីនា នៅលើព្រំដែនបេឡារុស-អ៊ុយក្រែន។ ការជួបចរចាជុំទីបួន និងទីប្រាំត្រូវបានធ្វើឡើងនៅថ្ងៃទី១០ និងទី១៤ ខែមីនា នៅទីក្រុងអ៊ីស្តង់ប៊ុលនៃប្រទេសតួកគី។ ក្រោយមកទៀត បន្ទាប់ពីភាគីអ៊ុយក្រែនបានចាប់ផ្តើមវាយលុកដើម្បីដណ្តើមយកទឹកដីភាគខាងកើត ខណៈដែលអ៊ុយក្រែនមានបំពាក់នូវអាវុធទំនើបៗ ពីប្រទេសលោកខាងលិចនោះ រុស្ស៊ីបានអំពាវនាវសាជាថ្មីឱ្យមានការចរចាសន្តិភាព។

ប៉ុន្តែ មេដឹកនាំអ៊ុយក្រែនលោក ហ្សេលេនស្គី បានបដិសេធដោយអះអាងថា រដ្ឋាភិបាលរុស្ស៊ីមិនបានប្តេជ្ញាចិត្តយ៉ាងពិតប្រាកដចំពោះសន្តិភាពទេ ប៉ុន្តែគ្រាន់តែ យកលេសដើម្បីប្រមូលផ្តុំកងកម្លាំងរបស់ខ្លួនសាឡើងវិញតែប៉ុណ្ណោះ។ ដូច្នេះគ្រាដែលភាគីអ៊ុយក្រែន បានទម្លាក់ចោលនូវការចរចាជាមួយនឹងរុស្ស៊ីនោះ មេដឹកនាំ ប្រទេសអាល្លឺម៉ង់ និងមេដឹកនាំបារាំង បានសាកល្បងធ្វើកិច្ចការរកការបញ្ចប់សង្គ្រាមនេះសាជាថ្មីដោយមេដឹកនាំបារាំងបានធ្វើដំណើរទៅជួបនឹង ប្រធានាធិបតីអាមេរិកដែលជាអ្នកគាំទ្រធំបំផុតនិងជាប្រភពគាំទ្រមិនចេះរីងស្ងួតរបស់អ៊ុយក្រែន, ចំណែកមេដឹកនាំអាល្លឺម៉ង់ បានធ្វើការជជែកតាមទូរស័ព្ទជាមួយ នឹងលោក វ្ល៉ាឌីមៀ ពូទីន។

មិនមានសេចក្តីរាយការណ៍បញ្ជាក់អំពីលទ្ធផលណាខ្លះដែលទទួលបាននោះឡើយ ប៉ុន្តែ លោក អូឡាហ្វ ស្ហូល ដែលបានជួបតាមទូរស័ព្ទជាមួយមេដឹកនាំរុស្ស៊ី បានបញ្ជាក់ថា គេមិនត្រូវផ្តាច់ការទាក់ទងឬការជជែកគ្នាជាមួយនឹងរុស្ស៊ីនោះឡើយ។ លោក Olaf Scholz បានថ្លែងថាការមិនជជែកគ្នាជាមួយនឹងរុស្ស៊ី គឺជាកំហុសដ៏ធំមួយដែលគេមិនត្រូវធ្វើយ៉ាងដូច្នោះឡើយ ។ នៅជាមួយគ្នានេះផងដែរ, មេដឹកនាំអាមេរិកលោក ចូ បៃដិន ក្រោយបានជួបជាមួយនឹងមេដឹកនាំបារាំង លោក អេម៉ានុយអែល ម៉ាក្រុងនោះមក បានថ្លែងថា លោកបានត្រៀមខ្លួនដើម្បីជជែកជាមួយនឹងសមភាគីរុស្ស៊ី លោក ពូទីនផងដែរ ប្រសិនបើលោកពូទីន បង្ហាញចំណាប់អារម្មណ៍ក្នុងការបញ្ចប់សង្រ្គាម។

ប៉ុន្តែពីវិមានក្រឹមឡាំងនោះវិញ មន្ត្រីអ្នកនាំពាក្យលោក Dmitry Peskov បានថ្លែងថាលោក ពូទីន បានរក្សាទ្វារចរចាបើកចំហរដរាបណា មានការជួយធានាសន្តិសុខ ផលប្រយោជន៍ជាតិរបស់រុស្ស៊ីនោះសិន។ លោក Dmitry Peskov បានលើកឡើងថាបើសិនជាលោកចូបៃដិនរកការចរចា ប៉ុន្តែទាមទារឱ្យរុស្ស៊ីដកទ័ពចេញពី អ៊ុយក្រែន នោះការចរចានឹងមិនអាចកើតមានបានឡើយ។ យោងតាមការផ្សាយរបស់កម្មវិធី Hindustan Times ប្រទេសរុស្ស៊ីបានដាក់លក្ខខណ្ឌជាថ្មីម្តងទៀត សម្រាប់ការចរចាសន្តិភាពជាមួយអ៊ុយក្រែន។ រុស្ស៊ីថ្លែងថាគេចង់ឃើញឆន្ទៈនយោបាយពិតប្រាកដរបស់មេដឹកនាំក្រុងកៀវ ដើម្បីចូលរួមក្នុងកិច្ចសន្ទនា។

រដ្ឋាភិបាលក្រុងមូស្គូ និយាយថាគេចង់បានការធានាផ្នែកច្បាប់ថា អ៊ុយក្រែននឹងមិនត្រូវបានអនុញ្ញាតឱ្យចូលរួមជាមួយអង្គការណាតូដែលជាសម្ព័ន្ធមិត្តយោធា លោកខាងលិចនោះឡើយ និងរុស្ស៊ីថាគេចង់ឱ្យអ៊ុយក្រែន ផ្លាស់ប្តូររដ្ឋធម្មនុញ្ញរបស់ខ្លួន ដើម្បីបញ្ជាក់ច្បាស់ចំពោះរឿងមិនចូលអង្គការណាតូនេះ។ គួរបញ្ជាក់ថា ក្នុងប៉ុន្មានខែកន្លងមកនេះ លោក វ្ល៉ាឌីមៀ ពូទីន បានអំពាវនាវឲ្យមានការចរចាជាមួយអ៊ុយក្រែនជាច្រើនលើក។ សូម្បីតែសហរដ្ឋអាមេរិកក៏បានជំរុញជាឯកជនឱ្យ លោក ហ្សេលេនស្គី បើកទ្វារចំហសម្រាប់ការចរចាផងដែរ។ ប៉ុន្តែ ប្រធានាធិបតីអ៊ុយក្រែន បានច្រានចោលលទ្ធភាពនៃការចរចា ដោយលោកមើលឃើញថា ការចរចាជាមួយរុស្ស៊ីគឺជាការសម្របសម្រួលឱ្យអ៊ុយក្រែនចុះចាញ់នៅចំពោះមុខរដ្ឋាភិបាលក្រុងម៉ូស្គូ។ ដូច្នេះអ៊ុយក្រែន បានថ្លែងថាគេសុខចិត្តជ្រើសរើសយក សមរភូមិវិញជាជាងការចរចាធ្វើសម្បទានឱ្យទឹកដីទៅប្រទេសរុស្ស៊ីនោះ៕