(បែរឡាំង)៖ យោងតាមឯកសារមួយរបស់រដ្ឋាភិបាលអាល្លឺម៉ង់ ដែលមើលឃើញដោយសារព័ត៌មាន Bloomberg បានបង្ហាញថា ទីក្រុងបែរឡាំងបានកំណត់ថវិកាចំនួន ១០ពាន់លានអឺរ៉ូ ឬស្មើនឹង១០.៥ពាន់លានដុល្លារអាមេរិក ស​ម្រាប់ផែនការទិញយន្តហោះចម្បាំង F-35A Lighting II ចំនួន៣៥គ្រឿង ពីសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៦ ខែធ្នូ ឆ្នាំ២០២២។

ថវិកាខាងលើនឹងបានមកពីកញ្ចប់ថវិកាពិសេសទំហំ ១០០ពាន់លានអឺរ៉ូ ដែលអធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូល (Olaf Scholz) បានប្រកាសមិនយូរប៉ុន្មាន បន្ទាប់ពីរុស្ស៉ីបើកការឈ្លានពានលើអ៊ុយក្រែន កាលពីចុងខែកុម្ភៈ។ បើតាមឯកសាររដ្ឋាភិបាល​អាល្លឺម៉ង់ដដែល ការប្រគល់យន្តហោះចម្បាំងទាំងនោះ នឹងប្រព្រឹត្តទៅនៅចន្លោះឆ្នាំ២០២៦-២០២៩ ហើយការចំណាយ រួមមាន​ទាំងសម្រាប់បរិក្ខារផ្សេងៗដូចជាមីស៉ីល ហើយនិងហេដ្ឋារចនាសម្ពន្ធពាក់ព័ន្ធ។

ទីក្រុងបែរឡាំងបានប្រកាសកាលពីខែមីនាថា នឹងទិញយន្តហោះចម្បាំង F-15 ចំនួន៣៥គ្រឿង ដើម្បីប្រើប្រាស់ជំនួស ក្រុមយន្តហោះចម្បាំង Tornado ដែលមានអាយុកាលចំណាស់ទៅហើយរបស់ខ្លួន។ យន្តហោះចម្បាំង Tornado គឺជាយន្តហោះចម្បាំងអាល្លឺម៉ង់តែមួយគត់ ដែលមានសមត្ថភាពដឹក គ្រាប់បែកនុយក្លេអ៊ែរអាមេរិក ដែលត្រូវបានរក្សាទុកនៅអាល្លឺម៉ង់ ក្នុងពេលមានសង្រ្គាមកើតឡើង។

ប៉ុន្តែអាល្លឺម៉ង់បានហោះហើរយន្តហោះចម្បាំង Tornado ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៨០មកម្ល៉េះ ហើយកំពុងគ្រោងនឹងឈប់ប្រើប្រាស់​ពួកវាតទៅទៀតនៅចន្លោះឆ្នាំ២០២៥-ឆ្នាំ២០៣០។ ដោយឡែក យន្តហោះចម្បាំង F-35 នឹងផ្តល់ឱកាសយ៉ាងប្រសើរសម្រាប់​​ឱ្យ​​អាល្លឺម៉ង់ពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយសម្ពន្ធមិត្តក្នុងអង្គការណាតូ (NATO) ក៏ដូចជាដៃគូអឺរ៉ុបដទៃទៀត ដ្បិតប្រទេសជាច្រើននៅក្នុងតំបន់ បាននាំគ្នាបញ្ជាទិញយន្តហោះចម្បាំង ដែលផលិតដោយក្រុមហ៊ុនអាមេរិក ឡុកឃីដ ម៉ាទីន (Lockheed Martin) នេះ៕