Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កូរ៉េខាងជើងបាញ់កាំភ្លើងធំប្រហែល ១៣០គ្រាប់ចូលសមុទ្រ ក្នុងការធ្វើសមយុទ្ធយោធា (Video inside)

05-12-2022 16:07

(សេអ៊ូល)៖ កូរ៉េខាងត្បូងបានឱ្យដឹងថា កូរ៉េខាងជើងបានបាញ់កាំភ្លើងធំប្រហែល ១៣០គ្រាប់ ចូលក្នុងផ្ទៃសមុទ្រនៅក្បែរឆ្នេរ​ភាគខាងកើត និងខាងលិចរបស់ខ្លួន កំលុងការធ្វើសមយុទ្ធយោធានាថ្ងៃចន្ទនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៥ ខែធ្នូ ឆ្នាំ២០២២។

ក្រសួងការពារជាតិកូរ៉េខាងត្បូងបន្តថា គ្រាប់កាំភ្លើងធំមួយចំនួនបានធ្លាក់ចំ តំបន់ទ្រនាប់ក្បែរព្រំប្រទល់សមុទ្ររវាងប្រទេសទាំងពីរ ហើយទីក្រុងសេអ៊ូលចាត់ទុកវាថាជា ការរំលោភលើកិច្ចព្រមព្រៀងអន្តរកូរ៉េឆ្នាំ២០១៨ ដែលបង្កើតឡើងដើម្បីបន្ធូរបន្ថយភាពតានតឹង។ យោធាកូរ៉េខាងត្បូង ក៏បានបញ្ជូនសារទំនាក់ទំនងព្រមានដល់កូរ៉េខាងជើង ជុំវិញការបាញ់កាំភ្លើងធំនេះផងដែរ។ កិច្ចព្រមព្រៀង CMA ឆ្នាំ២០១៨ គឺជាកិច្ចព្រមព្រៀងមានទម្ងន់ជាងគេ ដែលសម្រេចបានពីការជួបសន្ទនាគ្នា អស់រយៈពេលជាច្រើនខែរវាង ប្រមុខដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន ហើយនិងអតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក មូ ចេអ៉ីន។

គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២២នេះ ទីក្រុងព្យុងយ៉ាងបានបង្កើនសកម្មភាពយោធាយ៉ាងខ្លាំង ដែលរួមមានទាំងការបាញ់មីស៉ីលបាលិស្ទីគ, ការធ្វើសមយុទ្ធផ្លូវអាកាសដោយយន្តហោះយោធា និងការបាញ់កាំភ្លើងធំរាប់រយគ្រាប់។ រីឯខាងទីក្រុងសេអ៊ូលនិងសហរដ្ឋអាមេរិក ក៏បានបង្កើនការធ្វើសមយុទ្ធយោធ រវាងសម្ពន្ធមិត្តទាំងពីរដូចគ្នាដែរ ក្នុងឆ្នាំនេះ ក្រោមហេតុផលថា វាចាំបាច់ដើម្បីទប់ស្កាត់កូរ៉េខាងជើង ដែលមានអាវុធនុយក្លេអ៊ែរ៕