(កៀវ)៖ ការលើកឡើងរបស់ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ដែលចង់ឱ្យលោកខាងលិច ពិចារណាលើការធានាសន្តិសុខសម្រាប់រុស្ស៉ី ប្រសិនបើទីក្រុងមូស្គូយល់ព្រមចរចាបញ្ចប់សង្រ្គាមនៅ​អ៊ុយក្រែននោះ បានបង្កឱ្យមាន​ការរិះគន់ពីសំណាក់ទីក្រុងកៀវ និងសម្ពន្ធមិត្តរបស់ខ្លួននៅតំបន់បាល់ទិច។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៥ ខែធ្នូ ឆ្នាំ២០២២។

ក្នុងបទសម្ភាសន៍មួយជាមួយប្រព័ន្ធផ្សព្វផ្សាយបារាំង កាលពីចុងសប្តាហ៍កន្លងទៅ លោក ម៉ាក្រុង បាននិយាយថា អឺរ៉ុបចាំបាច់ត្រូវ ត្រៀមរៀបចំនិម្មាបនកម្មសន្តិសុខនាពេលអនាគតរបស់ខ្លួន ហើយទន្ទឹមគ្នាក៏គួរគិតគូរអំពីមធ្យោបាយដើម្បីផ្តល់ការធានាសន្តិសុខ ចំពោះរុស្ស៉ីនៅពេលដែលទីក្រុងមូស្គូ ព្រមត្រឡប់មករកចូលតុចរចាវិញផងដែរ។

ពាក់ព័ន្ធបញ្ហាខាងលើ លោក មីខៃឡូ ផូដូលីយ៉ាក (Mykhailo Podolyak) ដែលជាទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានាធិបតីអ៊ុយក្រែន បាននិយាយថា គឺពិភពលោកទៅវិញទេដែលត្រូវការ ការធានាសន្តិសុខពីសំណាក់រុស្ស៉ី មិនមែនរុស្ស៉ីត្រូវការ ការធានាសន្តិសុខពី​អន្តរជាតិនោះឡើយ។ រីឯលោក អូឡិចស៉ី ដានីឡូវ (Oleksiy Danilov) ដែលជាលេខាធិការក្រុមប្រឹក្សាសន្តិសុខនិងការពារជាតិអ៊ុយក្រែន បានលើកឡើងថា ការដកហូតអាវុធនុយក្លេអ៊ែរ និងកម្លាំងយោធាទាំងអស់ពីរុស្ស៉ី នឹងជាការធានាសន្តិភាពដ៏ប្រសើរបំផុត ហើយមិនតែ​សម្រាប់អ៊ុយក្រែនឡើយ គឺសម្រាប់ពិភពលោកទាំងមូល ថែមទៀតផង។

ក្រៅពីនេះ ការលើកឡើងរបស់លោកប្រធានាធិបតីបារាំង ក៏បានរងការរិះគន់ពីសំណាក់ប្រទេសមួយចំនួន នៅតំបន់បាល់ទិចផងដែរ ដែលមានព្រំប្រទល់ជាប់រុស្ស៉ី ហើយចាត់ទុករុស្ស៉ីការគំរាមកំហែងចំពោះពួកគេ។ តួយ៉ាង អតីតនាយករដ្ឋមន្រ្តីហ្វាំងឡង់ លោក អាឡិចសាន់ដឺ ស្តាប់ (Alexander Stubb) បាននិយាយដូច្នេះថា «ការធានាសន្តិសុខដែលយើងគួរផ្តោតលើ គឺមិនមែនរុស្ស៉ីទេ ហើយរុស្ស៉ីចាំបាច់ត្រូវផ្តល់ការធានាជាមុនថា ខ្លួននឹងមិនវាយប្រហារលើប្រទេសដទៃ»។ ចំណែកអតីតរដ្ឋមន្រ្តីការបរទេសលីទុយអានី លោក លីណាស់ លីនកេវីគូស (Linas Linkevicus) បានលើកឡើងថា រុស្ស៉ីនឹងមានការធានាសន្តិសុខ ដរាបណាខ្លួន មិនវាយប្រហារ មិនកាត់យកទឹកដី ឬមិនត្រួតត្រាប្រទេសជិតខាង។

គួរបញ្ជាក់ថា លោក ម៉ាក្រុង និងលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ធ្លាប់បានពិភាក្សាគ្នាញឹកញាប់ កំលុងសង្រ្គាមរយៈពេលជាង៩ខែ មកនេះ ហើយលោកប្រធានាធិបតីអ៊ុយក្រែន បានអរគុណលោកប្រធានាធិបតីបារាំងផងដែរ សម្រាប់ការព្យាយាមស្វែងរក​ដំណោះស្រាយតាមការទូត ប៉ុន្តែក៏បានបដិសេធយោបល់របស់ ម៉ាក្រុង ដែលថាទីក្រុងកៀវគួរត្រៀមខ្លួនធ្វើសម្បទានផ្សេងៗ ដើម្បីឆ្ពោះ​ទៅបញ្ចប់សង្រ្គាមផងដែរ។ កាលពីខែឧសភា លោក ម៉ាក្រុង បានរងការរិះគន់យ៉ាងខ្លាំង សម្រាប់ការលើកឡើងថា រុស្ស៉ីមិនគួរត្រូវធ្វើឱ្យអាម៉ាសទេ ដើម្បីឱ្យមានឱកាសអាចស្វែងរក ដំណោះស្រាយការទូតបាន៕