(បាងកក)៖ អង្គការសហប្រជាជាតិ (UN) បានពន្យារពេលលើការសម្រេចចិត្ត ថាតើនរណាគួរតែស័ក្ដិសម ធ្វើជាអ្នកតំណាងស្របច្បាប់របស់មីយ៉ាន់ម៉ា ប្រចាំ UN ខណៈមានការព្រួយបារម្ភថារុស្ស៉ី ដែលមានទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយមេដឹកនាំនៃរបបយោធាមីយ៉ាន់ម៉ា អាចនឹងប្រើសិទ្ធិអំណាចជំទាស់។ នេះបើ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងចន្ទ ទី៥ ខែធ្នូ ឆ្នាំ២០២២។

គណៈកម្មាធិការសារតាំងរបស់ UN ដែលមានសមាសភាពនៃរដ្ឋជាសមាជិក UN ចំនួន៩ ក្នុងនោះរួមមានទាំងចិន រុស្ស៉ី និងសហរដ្ឋអាមេរិក បានចាប់ផ្ដើម កិច្ចប្រជុំតាំងតែពីថ្ងៃទី២៩ ខែវិច្ឆិកាកន្លងទៅមកម្ល៉េះ។ កិច្ចប្រជុំនេះមានគោលបំណងពិចារណា និងធ្វើការសម្រេចចិត្តថាតើនរណាគួរតែធ្វើជាអ្នកតំណាង ស្របច្បាប់របស់មីយ៉ាន់ម៉ា នោះគឺរវាងលោក ក្យ៉ ម៉ូ ទុន (Kyaw Moe Tun) ដែលជាឯកអគ្គរដ្ឋទូតប្រចាំ UN ត្រូវបានតែងតាំងដោយអតីតរដ្ឋាភិបាលស៊ីវិល របស់លោកស្រី អោងសាន ស៊ូជី និងឯកអគ្គរដ្ឋទូតដែលត្រូវបានតែងតាំងដោយរបបយោធាមីយ៉ាន់ម៉ា។

គួរបញ្ជាក់ថា លោក ក្យ៉ ម៉ូ ទុន ដែលកំពុងបន្តកាន់តំណែងជាឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ា ប្រចាំ UN នៅក្នុងឆ្នាំ២០២២នេះបានបោះឆ្នោតថ្កោលទោស ការឈ្លានពានរបស់រុស្ស៉ី នៅអ៊ុយក្រែន និងបោះឆ្នោតគាំទ្រឱ្យព្យួរសមាជិកភាពរុស្ស៉ី នៅក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្ស UN ផងដែរ៕